(អង់ការ៉ា)៖ តួកគី និងសហរដ្ឋអាមេរិក កំពុងបន្តបើកកិច្ចចរចាជាមួយគ្នា ជុំវិញការទិញយកប្រព័ន្ធមីស៊ីលការពារអាកាសអាមេរិក Patriot ក្រោយពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយទីក្រុងម៉ូស្គូ ដើម្បីទិញយកប្រព័ន្ធមីស៊ីលដ៏ទំនើប S-400 ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅឯរដ្ឋធានីអង់ការ៉ា នាយករដ្ឋមន្រ្តីតួកគី លោក ប៊ីនណាលី យេលដឺរីម (Binali Yaldirim) បានប្រាប់ថា រាល់កិច្ចការនានាជុំវិញការទិញប្រព័ន្ធមីស៊ីល Patriot ពីអាមេរិក និងប្រព័ន្ធមីស៊ីលដទៃទៀតពីសម្ព័ន្ធមិត្ត NATO នឹងនៅតែបន្ត ហើយសហរដ្ឋអាមេរិក នៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់តួកគី ទោះបីជាមានការខ្វែងគំនិតគ្នាបន្តិចបន្តួច ទាក់ទិននឹងបញ្ហាជម្លោះនៅស៊ីរីក៏ដោយ។
គួរជម្រាបថា កាលពីខែធ្នូកន្លងទៅ តួកគី និងរុស្ស៊ី បានឈានដល់ដំណាក់កាលចុងក្រោយ នៃកិច្ចព្រមព្រៀងមួយស្តីពីការផ្គត់ផ្គង់ទីក្រុងអង់ការ៉ានូវប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ហើយតួកគីនឹងក្លាយជាសមាជិកអង្គការ NATO ទីមួយ ដែលទិញប្រព័ន្ធសព្វាវុធ S-400 ពីប្រទេសរុស្ស៊ី។
ទង្វើរបស់តួកគីដែលសម្រេចទិញយកប្រព័ន្ធមីស៊ីលរបស់រុស្ស៊ី បានបង្កក្តីព្រួយបារម្ភជាខ្លាំង នៅក្នុងចំណោមសម្ព័ន្ធមិត្ត NATO ដែលជារឿយៗបានព្រមានតួកគីថា ទីក្រុងអង់ការ៉ាគួរតែផ្តោតបោះទុន ទៅលើបច្ចេកវិទ្យាការពារជាតិណា ដែលសមស្របជាមួយគម្រោង នៃប្រព័ន្ធការពាររួមរបស់ NATO។ ដោយសារតែរឿងនេះ សហរដ្ឋអាមេរិក ក៏បានព្រមានដាក់ទណ្ឌកម្មលើតួកគីផងដែរ៕