(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានផ្តោតទៅរករឿងក្រុមមនុស្សភេទទីបីជាថ្មីម្តងទៀត ដោយលើកនេះលោកបានចុះអនុស្សរណៈមួយ ដែលដាក់បម្រាមទៅលើបុគ្គលភេទទីបីភាគច្រើន មិនឲ្យបម្រើក្នុងជួរកងទ័ពសហរដ្ឋអាមេរិកនោះឡើយ តែនៅទុកសិទ្ធិខ្លះៗឲ្យខាងយោធា ក្នុងការអនុវត្តន៍គោលនយោបាយពាក់ព័ន្ធនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។
អនុស្សរណៈខាងលើ បានលើកឡើងថា បុគ្គលភេទទីបីដែលធ្លាប់មានជំងឺ Gender Dysphoria ពោលគឺជនភេទទីបីទាំងឡាយណា ដែលតម្រូវឲ្យមានការព្យាបាលតាមវេជ្ជសាស្រ្តជាប្រចាំ រួមមានតាមរយៈថ្នាំពេទ្យ និងការវះកាត់ជាដើមនោះ មិនឲ្យអាចត្រូវទទួលជ្រើសរើស ឬក៏នៅបម្រើការក្នុងវិស័យយោធាអាមេរិកតទៀតឡើយ លើកលែងតែនៅក្នុងកាលៈទេសៈត្រូវបានកំណត់មួយចំនួន។
ទោះជាបែបនេះក្តី អនុស្សរណៈនេះបានទុកសិទ្ធិឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្រសួងសន្តិសុខជាតិ ជាអ្នកប្រើប្រាស់អំណាចរបស់ពួកគេ ដើម្បីអនុវត្តន៍គោលនយោបាយនានាដែលសមរម្យ ពាក់ព័ន្ធនឹងការបម្រើក្នុងជួរកងទ័ពដោយបុគ្គលភេទទីបី។
គួរជម្រាបថា កាលពីខែកក្កដា ឆ្នាំទៅមិញនេះ លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសម្តងរួចមកហើយថា រូបលោកនឹងហាមឃាត់មិនឲ្យមនុស្សភេទទីបី បម្រើការក្នុងជួរកងទ័ពអាមេរិកឡើយ ដែលទង្វើនេះដូចជាការទាញឲ្យគោលនយោបាយរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលទទួលយកបុគ្គលទាំងនោះ ត្រឡប់ក្រោយមកវិញ។ ប៉ុន្តែចៅក្រមសហព័ន្ធជាច្រើននាក់ បានចេញសាលក្រមរារាំង ការដាក់បម្រាមរបស់លោក ត្រាំ ក្រោមហេតុផលថា វាទំនងជានឹងរំលោភសិទ្ធិសេរីភាព នៃការការពារដោយស្មើភាពនៅក្រោមច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិក៕