(ប៉ារីស)៖ ខ្មាន់កាំភ្លើងដែលបានបើកការបាញ់ប្រហារ ស្លាប់មនុស្សចំនួន ០៣នាក់ និងរបួសមួយចំនួនទៀត នៅក្នុងករណីវាយប្រហារទីផ្សារទំនើបមួយ នាភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានអាជ្ញាធរអះអាងថា រូបគេជាអ្នកស្មោះស្ម័គ្រនឹងក្រុម ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។
វាជាការវាយប្រហារធំបំផុតមួយ សម្រាប់ឆ្នាំ២០១៨នេះ បន្ទាប់ពីការវាយប្រហារដ៏កក្រើកកាលពីខែតុលា ឆ្នាំ២០១៧ ខណៈដែលបារាំងតែងតែបង្កើតការរឹតបន្តឹងសន្តិសុខខ្ពស់បំផុត ដើម្បីបង្ការកុំឲ្យភេរវករមានឱកាស ឆ្លៀតបង្កភេរវកម្ម។ ប៉ូលិសបារាំងត្រូវបានផ្តល់សិទ្ធិពិសេស ឲ្យធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ ដោយមិនចាំបាច់មានការបញ្ជាពីតុលាការនោះឡើយ។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារ សម្លាប់ពលរដ្ឋបារាំងម្នាក់ នៅភាគខាងត្បូងប្រទេសនោះ គឺមានឈ្មោះថា Redouane Lakdim ដែលពីដំបូងឡើយរូបគេបានប្លន់យករថយន្តមួយ កាលពីព្រឹថ្ងៃសុក្រ នៅទីក្រុង Carcassone ភាគខាងត្បូងបារាំង ដោយបាញ់សម្លាប់អ្នកដំណើរក្នុងរថយន្តតាក់ស៊ីនោះ និងបង្កអ្នកបើកបររបួស។
ហេតុការណ៍បន្ទាប់មកទៀត គឺ Lakdim បានធ្វើការបាញ់រះទៅលើមន្ត្រីប៉ូលិស រួចក៏បន្តបើកបររថយន្តពីរទៅបីគីឡូម៉ែត្រ ទៅកាន់តំបន់ Trebes និងឆ្ពោះទៅកាន់ផ្សារទំនើប Super-U នៅម៉ោង ១១៖០០នាទីព្រឹកថ្ងៃដដែល។ ក្នុងការសម្រុកចូលផ្សារទំនើប ខ្មាន់កាំភ្លើងមានដើមកំណើតម៉ូរ៉ូកូនេះ បានយកស្ត្រីម្នាក់ធ្វើចំណាប់ខ្មាំង ប៉ុន្តែជាចុងក្រោយខ្មាន់កាំភ្លើងនេះ ត្រូវបានប៉ូលិសបាញ់ចំក្បាលផ្តាច់ជិវិតតែម្តង ខណៈដែលខ្មាន់កាំភ្លើងរូបនេះ បានបាញ់សម្លាប់មនុស្ស ០២នាក់ហើយក្នុងផ្សារ។
ក្រោយពីការវាយប្រហារ ISIS បានចេញមុខអះអាងថា ខ្លួនជាអ្នកពីក្រោយរឿងនេះ ហើយប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏បានបញ្ជាឲ្យប៉ូលិស បើកការស៊ើបអង្កេតលម្អិតផងដែរ ដើម្បីស្វែងរកឬសគល់ និងអ្នកពាក់ព័ន្ធ។ ដោយឡែកមនុស្សស្លាប់សរុបមានចំនួន ០៤នាក់ គឺខ្មាន់កាំភ្លើងម្នាក់ និងប្រជាជនស្លូតត្រង់ ០៣នាក់៕