(វ៉ាស៊ីនតោន)៖ នៅទីបំផុតអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានថ្លែងសុន្ទរកថាជាលើកចុងក្រោយរបស់លោកហើយ ដើម្បីលាបុគ្គលិកទាំងអស់ ដែលកំពុងបម្រើការងារ នៅក្នុងក្រសួងការបរទេសអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថាលើកចុងក្រោយ ដ៏ខ្លីមួយនាថ្ងៃព្រហស្បតិ៍ លោក ធីល្លឺសុន បានប្រាប់ឱ្យអតីតបុគ្គលិកលោកទាំងអស់នៅ ក្នុងក្រសួងការបរទេសអាមេរិក ឱ្យរក្សាភាពស្មោះត្រង់។ «វា (ភាពស្មោះត្រង់) គឺជារបស់អ្នក ហើយមានតែអ្នកតែម្នាក់គត់ ដែលអាចបោះបង់ ឬក៏រក្សាវាទុក»។ នេះគឺជាការលើកឡើងរបស់លោក ធីល្លឺសុន នៅក្នុងសុន្ទរកថាលាគ្នា នៅមុនពេលលោកត្រូវចាកចេញ ពីក្រសួងការបរទេសអាមេរិក នៅចុងខែមីនានេះ។
គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញលោក ធីល្លឺសុនចេញពីដំណែងកាលពីសប្ដាហ៍មុន ហើយលោកបានតែងតាំងនាយក CIA លោក Mike Pompeo ឱ្យកាន់តំណែងនេះជំនួសវិញ។ ប៉ុន្តែមុននឹងត្រូវឡើងកាន់តំណែង លោក Pompeo ត្រូវឆ្លងកាត់ការសួរដេញដោល និងទទួលស្គាល់ពីព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕