(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានផ្តល់ការយល់ព្រម ចំពោះការលក់មីស៊ីលកម្ទេចរថក្រោះ TOW បូករួមជាមួយគ្រឿងបន្លាស់ សម្រាប់រថពាសដែក និងសេវាថែទាំដែលពាក់ព័ន្ធដទៃទៀត ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅក្នុងគម្រោងលក់សព្វាវុធដាច់ដោយឡែកពីគ្នាចំនួនបី ដែលគិតជាទឹកប្រាក់សរុបជិត ១.១ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសអាមេរិក មីស៊ីលប្រឆាំងរថក្រោះ TWO 2B ជាង ៦,៦០០គ្រាប់ ដែលអារ៉ាប៊ីសាអូឌីត បានកុម៉្មង់ទិញមានតម្លៃប្រមាណ ៦៧០លានដុល្លារ។ នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយទៀត ក្រសួងការបរទេស បានឲ្យដឹងខ្លួនបានអនុញ្ញាត ចំពោះការលក់កញ្ចប់សេវាតម្លៃ ៣០០លានដុល្លារ ទៅឲ្យកងអាវុធយុទ្ធភ័ណ្ឌជើងគោករបស់អារ៉ាប៊ីសាអូឌីត ខណៈសេចក្តីប្រកាសចុងក្រោយមួយផ្សេងទៀតបានបញ្ជាក់ថា ក្រសួងការបរទេសបានព្រមព្រៀងផ្តល់ការថែទាំសម្រាប់កងឧទ្ធម្ភាគចក្រប្រយុទ្ធ និងដឹកជញ្ជូនរបស់អារ៉ាប៊ីសាអូឌីត រួមមានដូចជា AH-64D/E, UH-60L, Schweizer 333, និង Bell 406CS ក្នុងតម្លៃ ១០៦.៨លានដុល្លារ។
គួរជម្រាបថា សេចក្តីប្រកាសបើកភ្លើងខៀវ ដល់គម្រោងលក់សព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានកើតមានឡើង បន្ទាប់ពីការយាងមកបំពេញទស្សនកិច្ចរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammad bin Salman នៅឯរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយនាអំឡុងពេលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសើរថា ព្រះរាជាណាចក្រនៅមជ្ឈិមបូព៌ាមួយនេះ គឺជាអតិថិជនដ៏ធំមួយក្នុងវិស័យយោធារបស់អាមេរិក និងបាននិយាយជម្រុញថា ការលក់សព្វាវុធទៅកាន់អារ៉ាប៊ីសាអូឌីត គឺជាការបង្កើតការងារប្រកបដោយប្រសិទ្ធភាពបំផុត សម្រាប់សហរដ្ឋអាមេរិក៕