(ហាណូយ)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រធានាធិបតីវៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) បានឈានដល់ការឯកភាពគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រហូតដល់ជាង ១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
យោងតាមយ៉ុនហាប់ លោក មូន និងលោក Quang ក៏បានព្រមព្រៀងគ្នាផងដែរថា នឹងពង្រឹងចំណងមិត្តភាពការទូត ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ការព្រមព្រៀងគ្នានេះធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលនៅឯទីក្រុងហាណូយ នៅថ្ងៃសុក្រនេះ នាឱកាសនៃការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក មូន មកកាន់ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍។
ថ្លែងនាឱកាសនោះដែរ លោក មូន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជារីករាយណាស់ ដែលបានបំពេញទស្សនកិច្ច មកកាន់ប្រទេសវៀតណាមជាថ្មីម្ដងទៀត ក្នុងនាមជាគោលដៅ នៃដំណើរទស្សនកិច្ចមកកាន់បរទេស នៅក្នុងឆ្នាំ២០១៨នេះ។ វៀតណាមគឺជាប្រទេសពិសេសមួយ សម្រាប់កូរ៉េខាងត្បូង និងជាដៃគូដ៏សំខាន់នៅក្នុងគោលនយោបាយភាគខាងត្បូងថ្មី ដែល រដ្ឋាភិបាលរបស់យើងកំពុងបន្តសកម្មភាព»។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍រួម រវាងលោក មូន ជែអ៊ីន និងលោក Tran Dai Quang កូរ៉េខាងត្បូង និងវៀតណាម នឹងបង្កើនទំហំពាណិជ្ជកម្មរហូតដល់ទៅ ១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ ខណៈលោក មូន ផ្ទាល់បានសន្យាថា នឹងបំពេញ ដំណើរទស្សនកិច្ចមកកាន់បណ្ដាប្រទេសអាស៊ានទាំងអស់ មុននឹងអាណត្តិជាប្រធានាធិបតីរបស់លោក បញ្ចប់នៅឆ្នាំ២០២២៕