(ប៉េកាំង)៖ ប្រទេសចិន និងកាមេរ៉ូនបានព្រមព្រៀងគ្នា បង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីភាពរីកចំរើននៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
ការព្រមព្រៀងគ្នានេះ កើតមានឡើងនៅក្នុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីកាមេរ៉ូន លោក ផូល ប៊ីយ៉ា (Paul Biya) នៅឯសាលវិមានប្រជាជនចិន កាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនាឱកាសនោះដែរ ដោយហៅលោក Biya ថា មិត្តភក្តិជាយូរឆ្នាំរបស់ចិន លោក ស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាមេរ៉ូនគឺជាដៃគូដ៏សំខាន់សម្រាប់ចិន នៅក្នុងតំបន់អាហ្វ្រិក ហើយប្រទេសទាំងពីរ តែងតែគោរពកិច្ចព្រមព្រៀង និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាទាំងឡាយ ដោយឈរលើផលប្រយោជន៍រួមគិតចាប់ តាំងពីប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នា អស់រយៈពេលជាង ៤៧ឆ្នាំ មកនេះ»។
គួរបញ្ជាក់ថា លោក Paul Biya គឺជាប្រធានាធិបតីអាហ្រ្វិកដំបូងគេបំផុត ដែលបានបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង នៅក្នុងឆ្នាំ២០១៨។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោក កើតមានឡើងតែជាងមួយខែប៉ុណ្ណោះ ក្រោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានព្រមានបណ្ដាប្រទេសអាហ្វ្រិក ឱ្យប្រយ័ត្នចំពោះជំនួយហរិញ្ញវត្ថុរបស់ចិន ដែលលោកហៅថា ជាអន្ទាក់បំណុលរបស់ចិននៅអាហ្វ្រិក៕