(អាមេរិក)៖ មន្ទីរពិសោធន៍អវកាសចិន Tiangong-1 ទំនងជានឹងធ្លាក់មកដល់បរិយាកាសផែនដីនៅចន្លោះថ្ងៃទី៣០ ខែមីនា និងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បើតាមការព្យាករណ៍ថ្មីចុងក្រោយគេ របស់ការិយាល័យផ្នែកកម្ទេចកម្ទីរអវកាស នៃទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដកស្រង់ដោយវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
មន្ទីរពិសោធន៍ Tiangong-1 ត្រូវបានគេបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីចុងខែកញ្ញា ឆ្នាំ២០១១ ដើម្បីជួយធ្វើតេស្តសាកល្បង ចំពោះបច្ចេកវិទ្យាចាំបាច់ផ្សេងៗ ដែលជាតម្រូវការក្នុងការកសាង ស្ថានីយអវកាសប្រាកដជាក់លាក់មួយ ដែលចិន មានមហិច្ឆតាគ្រោងនឹងធ្វើឲ្យបាន នៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០។
កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ យានអវកាស Shenzhou ដែលពុំមានផ្ទុកអវកាសយានិកឡើយ បានឡើងទៅដល់ Tiangong-1 ហើយបន្ទាប់មកទៀតបេសកកម្មមានផ្ទុកអវកាសយានិកចំនួន ០២លើក គឺ Shenzhou-9 (ខែមិថុនា ឆ្នាំ២០១២) និង Shenzhou-10 (ខែមិថុនា ឆ្នាំ២០១៣) ក៏បានឡើងទៅដល់មន្ទីរពិសោធន៍នោះផងដែរ។
ជុំវិញការធ្លាក់ត្រឡប់ចុះមកផែនដីវិញរបស់ Tiangong-1 ទីភ្នាក់ងារ ESA នឹងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានគ្រប់គ្រងនៃយុទ្ធការសាកល្បងមួយ ដែលធ្វើឡើងដោយគណៈកម្មាធិការសម្របសម្រួល អន្តរទីភ្នាក់ងារ ដែលទទួលបន្ទុកខាងឃ្លាំមើលកម្ទេចកម្ទីរអវកាស ហៅកាត់ថា IADC។ IADC រួមមាននូវក្រុមអ្នកជំនាញ និងអ្នកស្រាវជ្រាវជាច្រើន មកពីបណ្តាអង្គការ និងទីភ្នាក់ងារអវកាសចំនួន ១៣ ជុំវិញពិភពលោក ដូចជា NASA របស់អាមេរិក, ESA របស់អឺរ៉ុប, JAEA របស់ជប៉ុន, ISRO របស់ឥណ្ឌា, KARI របស់កូរ៉េខាងត្បូង, Roscosmos របស់ឥណ្ឌា, CNSA របស់ចិនជាដើម។
ដោយឡែកទីតាំងជាក់លាក់ដែលថា Tiangon-1 នឹងធ្លាក់ចុះមកផែនដីវិញនោះ នៅមិនទាន់ដឹងច្បាស់ឡើយ ប៉ុន្តែបើតាមទំនោរនៃការធ្លាក់ចុះរបស់វា មន្ទីរពិសោធន៍នេះអាចនឹងធ្លាក់នៅចន្លោះតំបន់ 43 Degrees North និង 43 Degrees South Latitudes (តំបន់ភាគខាងជើង និងភាគខាងត្បូងខ្សែអេក្វាទ័របន្តិចៗម្ខាង ដូចរូបដែលបង្ហាញខាងក្រោមអត្ថបទ) ដែលប្រការនេះអាចឲ្យគេសន្និដ្ឋានថា ភាគរយដែលវាធ្លាក់ទៅក្នុងសមុទ្រគឺ ៧០ភាគរយ និងលើដី ៣០ភាគរយ។
ម៉្យាងវិញទៀតនោះ ដោយសារតែវត្ថុធាតុដើមនៃការសាងសង់ ព្រមទាំងទម្ងន់របស់មន្ទីរពិសោធន៍អវកាសចិនមួយនេះ វាអាចលទ្ធភាពខ្លះថា បំណែកមួយចំនួនរបស់ Tiangong-1 នឹងមិនត្រូវឆាបឆេះអស់ នៅក្នុងដំណើរឆ្លងកាត់បរិយាកាសរបស់ផែនដីឡើយ ហើយពួកវាអាចធ្លាក់មកដល់ផ្ទៃរបស់ផែនដី ប៉ុន្តែសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រទាំងចិនផ្ទាល់ និងបរទេសដូចជាអាមេរិក ដែលធ្លាប់មានបទពិសោធន៍លើរឿងនេះ បានធានាអះអាងថា ភាគរយដែលវាអាចធ្លាក់មកលើផ្ទៃដី និងបង្កគ្រោះថ្នាក់ដល់មនុស្សនោះ គឺតិចតួចជាទីបំផុតតែម្តង និយាយរួមវាអាចធ្លាក់ចូលសមុទ្រច្រើនជាង ប្រសិនបើបំណែកវានៅសេសសល់៕