(វ៉ាស៊ីនតោន)៖ នៅទីបំផុតព្រឹទ្ធសភាអាមេរិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានយល់ព្រមអនុម័តហើយទៅលើកញ្ចប់ថវិកា ១.៣ពាន់ពាន់លានដុល្លារ (ទ្រីលានដុល្លារ) ដែលត្រូវបានឯកភាពដោយ គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋដូចគ្នាតែម្តង ដើម្បីបន្តដំណើរការការងារក្នុងរដ្ឋាភិបាលសហព័ន្ធទៅមុខទៀតរយៈពេល ០៦ខែ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Morning Star នារសៀលថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
នៅមុខការសម្រេច នៃព្រឹទ្ធសភាខាងលើនេះ សមាជិកសភានៃគណបក្សទាំងពីរ របស់សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់កញ្ចប់ថវិកាដល់រដ្ឋាភិបាលសហព័ន្ធ សម្រាប់រយៈពេល ០៦ខែទៀត ពោលគឺដល់ផុតឆ្នាំសារពើពន្ធ ឆ្នាំ២០១៨នេះ នៅប៉ុន្មានថ្ងៃមុនពេលកំណត់ នៃការត្រូវបិទទ្វាររដ្ឋាភិបាលជាថ្មីម្តងទៀត។
នាថ្ងៃពុធកន្លងទៅ បណ្តាថ្នាក់ដឹកនាំ នៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងទ្វេភាគីមួយ ស្តីពីការទម្លាក់កញ្ចប់ថវិកាចំនួន ១.៣ពាន់ពាន់លានដុល្លារ (ទ្រីលានដុល្លារ) ដែលនឹងអនុញ្ញាតឲ្យទីភ្នាក់ងារ ក៏ដូចជាស្ថាប័ននានារបស់រដ្ឋាភិបាលអាមេរិក បន្តធ្វើប្រតិបត្តិការដោយពុំមានបញ្ហារឿងថវិកា រហូតដល់ខែកញ្ញា ឆ្នាំ២០១៨នេះ។
សេចក្តីព្រាងកញ្ចប់ថវិកា ដែលតម្រូវឲ្យមានការឯកភាពពីមន្រ្តីនៃបក្សទាំងពីរនេះ ត្រូវបានសាទរដោយមន្រ្តីជាន់ខ្ពស់ បក្សសាធារណរដ្ឋ លោក ផូល រីយ៉ាន (Paul Ryan) ថា ជាការបើកទំព័រសករាជថ្មី សម្រាប់យោធាសហរដ្ឋអាមេរិក ខណៈមន្រ្តីជាន់ខ្ពស់បក្សប្រជាធិបតេយ្យ លោក ឆាក់ ស្គូមើ (Chuck Schumer) បានលើកឡើងថា វានឹងបំពេញអាទិភាពសំខាន់ៗជាច្រើន របស់បក្សប្រជាធិបតេយ្យ៕