(អាមេរិក)៖ បន្ទាប់ពីលោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) បានប្រកាសជាចំហថា រូបលោករីករាយនឹងចូលខ្លួនផ្តល់សក្ខីកម្មជុំវិញ រឿងអាស្រូវបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ Facebook ប្រមាណ ៥០លាននាក់ កាលពីប៉ុន្មានថ្ងៃមុនសភាសហរដ្ឋអាមេរិក ក៏បានកោះហៅនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនបណ្តាញសង្គមយក្សរូបនេះ ឲ្យចូលមកធ្វើការស្រាវបំភ្លឺ បូករួមទាំងការកោះហៅដូចគ្នាពីសភាសហភាពអឺរ៉ុប និងអង់គ្លេសថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Financial Times នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
គណៈកម្មាធិការពាណិជ្ជកម្ម និងថាមពលនៃសភាតំណាងរាស្រ្តអាមេរិក បានលើកឡើងថា «ការផ្តល់សេចក្តីអត្ថាធិប្បាយ ពីសំណាក់ថ្នាក់ដឹកនាំមួយចំនួនរបស់ក្រុមហ៊ុន Facebook បានបន្សល់ទុកនូវសំណួរជាច្រើន ដែលពុំទទួលបានចម្លើយ។ ទន្ទឹមនឹងនេះ លោក Zuckerberg បានគូសបញ្ជាក់ថា រូបលោកនឹងស្ម័គ្រចិត្តផ្តល់សក្ខីកម្ម ហើយពួកយើងជឿជាក់ថា ក្នុងនាមជា CEO របស់ Facebook លោកគឺជាសាក្សីដ៏សាកសមបំផុត ដើម្បីផ្តល់ចម្លើយចំពោះប្រជាជនអាមេរិក»។ គណកម្មាៈធិការបានបញ្ជាក់ថា ខ្លួននឹងផ្ញើលិខិតកោះហៅជាផ្លូវការ ទៅកាន់លោក Zuckerberg នៅប៉ុន្មានថ្ងៃខាងមុខនេះ។
គួរជម្រាបថា ជាមួយគ្នានេះ សភានៃចក្រភពអង់គ្លេស ព្រមទាំងសភាសហភាពអឺរ៉ុប ក៏បានកោះហៅនាយកប្រតិបត្តិ Facebook លោក Mark Zuckerberg ផងដែរ ដើម្បីឲ្យលោកផ្តល់ភស្តុតាង ជុំវិញរឿងអាស្រូវដ៏កក្រើកខាងលើ ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនវិភាគទិន្នន័យ Cambridge Analytic មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍។
ពាក់ព័ន្ធនឹងរឿងនេះ ក្រុមហ៊ុន Cambrdige Analytica បានរងការចោទប្រកាន់ថា បានប្រមែប្រមូលយកទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ Facebook សរុបប្រហែល ៥០លាននាក់ ដើម្បីធ្វើការវិភាគនយោបាយឲ្យអតិថិជនរបស់ខ្លួន រួមមានទាំងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ របស់លោក ដូណាល់ ត្រាំ ដែលបច្ចុប្បន្នបានក្លាយជាប្រធានាធិបតីអាមេរិក។
ការចោទប្រកាន់នេះ បានធ្វើឲ្យក្រុមហ៊ុន Facebook ក្លាយជាមុខព្រួញនៃក្រសែភ្នែកអន្តរជាតិជាថ្មីម្តងទៀត ខណៈការជជែកដេញដោលបានកើតមានថា ជុំវិញសំណួរថាតើ Facebook បានបរាជ័យក្នុងការការពារទិន្នន័យនៃអ្នកប្រើប្រាស់របស់ខ្លួនដែរ ឬយ៉ាងណា។
គួរបញ្ជាក់ថា គ្រាន់តែផ្ទុះបញ្ហាខាងលើនេះដំបូងៗប៉ុណ្ណោះ នៃការបែកធ្លាយព័ត៌មានរបស់អ្នកប្រើប្រាស់រាប់សិបលាននាក់នោះ ក្រុមហ៊ុនអាមេរិកមួយនេះបានខាតបង់គិតជាទឹកប្រាក់ជាង ៦០ពាន់លានដុល្លារ ដោយសារតែភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មានក្នុងរយៈពេល ០៤ឆ្នាំ៕