(សេអ៊ូល)៖ ការព្រួយបារម្ភបានចាប់ផ្ដើមផុសឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង និងនៅតំបន់អាស៊ីនាថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកតំណែងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ម៉ាកម៉ាស្ទឺរ (H.R. McMaster)។ សម្រាប់ក្រុមអ្នកជំនាញការផ្លាស់ប្ដូរតួនាទីនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ គំរោងរៀបចំកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រកាសដក លោក McMaster ចេញពីតំណែងទីប្រឹក្សាសន្តិសុខជាតិអាមេរិក ហើយថានឹងប្រគល់តួនាទីនេះ ឱ្យទៅអតីតអគ្គរដ្ឋទូតអាមេរិកប្រចំាអង្គការសហប្រជាជាតិ លោក John Bolton ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកមានគោលជំហរយ៉ាងរឹងមាំ គំាទ្រដល់ការប្រើប្រាស់កម្លាំងយោធា ដោះស្រាយជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់។
ដោយឡែក ជុំវិញការដោះដូរតំណែងនេះដែរ កូរ៉េខាងត្បូងបាននិយាយលាយឡំជាមួយការព្រួយបារម្ភថា ខ្លួននឹងបន្តធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្ធូរបន្ថយភាពតានតឹង ជាមួយកូរ៉េខាងជើង។ «គោលជំហររបស់យើងគឺ បើសិន ជាបើកផ្លូវថ្មី នោះយើងត្រូវតែដើរតាមផ្លូវនោះ... លោក Bolton មានចំណេះដឹងជាច្រើនលើបញ្ហាឧបទ្វីបកូរ៉េ ហើយគ្រប់គ្នាក៏ដឹងដែរថា លោកគឺជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិក ដែលគួរឱ្យទុកចិត្ត»។
ក៏ប៉ុន្តែ មន្ត្រីកូរ៉េខាងត្បូងខ្លះ បានសម្ដែងការខកចិត្ត និងសោកស្ដាយជាខ្លាំង ចំពោះការដកដំណែង លោក McMaster ដោយពួក គេយល់ថា ការឡើងកាន់តំណែងរបស់លោក John Bolton អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការរៀបចំជំនួបកំពូល រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ដ្បិតគេគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថា លោកគឺជាមនុស្សម៉ឺងម៉ាត់ហួសហេតុ និងគាំទ្រការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងជើង។
គួរបញ្ជាក់ថា ការប្រកាសដកដំណែង លោក McMaster កើតមានឡើងតែជាង ១០ថ្ងៃប៉ុណ្ណោះ ក្រោយលោក ដូណាល់ ត្រាំ បាន បណ្ដេញលោក រិច ធីល្លឺសុន ចេញពីតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ដោយឱ្យនាយក CIA លោក Mike Pompeo កាន់តំណែងនេះជំនួសវិញ៕