(រ៉ងហ្គូន)៖ សភាជាតិនៃសហភាពមីយ៉ាន់ម៉ា នឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសបុគ្គលធ្វើជាបេក្ខភាពឈរឈ្នោះ សម្រាប់ការប្រកួតប្រជែងយកតំណែងប្រធានាធិបតី ក្រោយអតីតមេដឹកនាំ លោក យូ ហាធី ក្យរ (U Htin Kyaw) បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោមហេតុផលលោកបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
បើតាមប្រភពពីមន្រ្តីនៅក្នុងសភាមីយ៉ាន់ម៉ា ក្រុមប្រតិភូបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតី នៃសភាតំណាងរាស្រ្ត នឹងបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតីមួយរូបទៀត ធ្វើជាបេក្ខភាពឈរឈ្មោះ ដើម្បីប្រកួតប្រជែងជាមួយអនុប្រធានាធិបតី ដែលមានស្រាប់ចំនួនពីររូបរួមមាន លោក យូ ម្យីនត៍ ស្វេ (U Myint Swe) និង លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) យកតំណែងជាប្រធានាធិបតី នៃសហភាពមីយ៉ាន់ម៉ា។
គួរជម្រាបថា បើតាមរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា តំណែងប្រធានាធិបតី នៃប្រជាជាតិអាស៊ានមួយនេះ គួរត្រូវរកបុគ្គលថ្មីមកបំពេញឲ្យបាន នៅក្នុងរយៈពេល ០៧ថ្ងៃ ក្រោយពីប្រធានាធិបតីចាស់ប្រកាសចុះចេញពីតំណែង។ សម្រាប់អតីតប្រធានាធិបតី លោក យូ ហាធីន ក្យរ បានសម្រេចចិត្តលាលែងពីតំណែង កាលពីថ្ងៃពុធ សប្តាហ៍នេះ ក្រោយពីបានកាន់វារយៈពេល ០២ឆ្នាំ។ លោកត្រូវបានការិយាល័យប្រធានាធិបតីបញ្ជាក់ថា បានសម្រេចចិត្តលាលែងដោយសារបញ្ហាសុខភាព ខណៈដែលលោកមានអាយុ ៧៣ឆ្នាំ ទៅហើយនោះ៕