(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃសុក្រនេះបានជំរុញ និងឆ្លៀតព្រមានសហរដ្ឋអាមេរិក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរបស់ខ្លួន ដើម្បីកុំឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរធ្លាក់ក្នុងគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់ក្រសួងពាណិជ្ជកម្មចិន កើតមានឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខា លើបញ្ជាតម្លើងពន្ធនាំចូលផលិតផលពីចិន ជាពិសេសគឺ ដែក និងអាលុយមីញ៉ូម គិតជាទឹកប្រាក់សរុបជាង ៦០ពាន់លានដុល្លារ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាគំរូដ៏អាក្រក់បំផុត។ ដោយឡែក ក្រៅតែពីការព្រមាន ក្រសួងក៏បាន បង្ហើបផងដែរពីគំរោងតម្លើងពន្ធគិតទឹកប្រាក់ស្មើនឹងជាង ០៣ពាន់លានដុល្លារ លើការនាំចូលផលិតផលមួយចំនួនពីសហរដ្ឋអាមេរិក។
ពោលគឺបើតាមក្រសួងពាណិជ្ជកម្មចិន ទីក្រុងប៉េកាំង កំពុងពិចារណាលើការតម្លើងពន្ធ ១៥ភាគរយ លើផលិតផលអាមេរិកក្នុងនោះ រួមមាន ស្រា (Wine) ផ្លែឈើស្ងួត និងបំពង់ដែក ព្រមទាំង ២៥ភាគរយ ទៀតលើការនាំចូលផលិតសាច់ជ្រូក និងអាលុយមីញ៉ូម ពីសហរដ្ឋអាមេរិកផងដែរ។
លើសពីនេះទៅទៀត ចិនកំពុងរៀបចំបញ្ជីផលិតផលអាមេរិកសរុបចំនួន ១២៨ ដែលអាចនឹងស្ថិតនៅ ក្រោមគោលដៅនៃការតម្លើងពន្ធ បើសិនជាប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងដោះស្រាយបញ្ហាពាណិជ្ជកម្ម ជាមួយគ្នាទេនោះ៕