(សេអ៊ូល)៖ នៅទីបំផុតតុលាការកូរ៉េខាងត្បូង បានសម្រេចចិត្តចេញដីកាឃាត់ខ្លួន អតីតប្រធានាធិបតី លោក លី ម្យុងបាក់ (Lee Myung-bak) ពាក់ព័ន្ធនឹងបទចោទប្រកាន់ជុំវិញការប្រព្រឹត្តអំពើពុករលួយ ដែលអាចឱ្យលោកជាប់ពន្ធនាគារ ៤៥ឆ្នាំ នៅក្នុងករណីដែលគេរកឃើញថា លោកបានប្រព្រឹត្តកំហុសទាំងនោះមែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
លោក លី ម្យុងបាក់ មានអាយុ ៧៧ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការស៊ីសំណូក ពុករលួយ គេចពន្ធ និងបទ ចោទដទៃទៀតក្នុងនោះរួមមានទាំងការទទួលលុយ ១០.២លានដុល្លារ ពីទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង និងបណ្ដា ក្រុមហ៊ុនធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។
មួយវិញទៀត តាមរយៈការចេញដីកាចាប់ខ្លួននេះ លោក លី បានក្លាយជាអតីត ប្រធានាធិបតីកូរ៉េខាងត្បូងចុងក្រោយ ដែលប្រឈមមុខនឹងការកាត់ទោសពីបទពុករលួយ ខណៈដែលសាលក្រមទៅលើ អតីតប្រធានាធិបតីមួយរូបទៀត គឺលោកស្រី ផាក គឺនហេ ដែលត្រូវបានបណ្តេញចេញពីអំណាច កាលពីឆ្នាំ២០១៧ ជុំវិញករណីពុករលួយដែរនោះ នឹងត្រូវប្រកាសនៅអំឡុងខែមេសា ខាងមុខនេះ។
គួរបញ្ជាក់ថា លោក លី ម្យុងបាក់ បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ លោកបានច្រានចោលរាល់ការចោទប្រកាន់មកលើរូបលោក ដោយអះអាងថា វាគឺជាការសងសឹកផ្នែកនយោបាយពីសំណាក់រដ្ឋាភិបាលរបស់ ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន លោក មូន ជែអ៊ីន៕