BREAKING NEWS: មហាយក្សចិនធ្វើការសងសឹកវិញ ដោយមិនសំចៃដៃ ក្រោយអាមេរិកបង្កើនពន្ធនាំចូលដែក-អាលុយមីញ៉ូមពីចិន!
23-03-2018 09:23
(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃសុក្រនេះ បានបង្ហើបពីគំរោងតម្លើងពន្ធ គិតទឹកប្រាក់ស្មើនឹងជាង០៣ពាន់លានដុល្លារ លើការនាំចូលផលិតផលមួយចំនួនពីសហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះ ធ្វើឡើងជាការសងសឹកនឹងប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែល ទើបចុះហត្ថលេខាលើការតម្លើងពន្ធនាំចូលអាលុយមីញ៉ូម និងដែកពីចិន ខណៈមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងស្ថិតនៅមាត់ជ្រោះ នៃសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងពាណិជ្ជកម្ម ទីក្រុងប៉េកាំងកំពុងពិចារណាលើការតម្លើងពន្ធ ១៥ភាគរយ លើផលិតផលអាមេរិក ក្នុងនោះរួមមាន៖ ស្រា (Wine) ផ្លែឈើស្ងួត និងបំពង់ដែក ព្រមទាំង ២៥ភាគរយ ទៀតលើការនាំចូលផលិតសាច់ជ្រូក និងអាលុយមីញ៉ូមពីសហរដ្ឋ អាមេរិកផងដែរ។ លើសពីនេះទៅទៀត ក្រសួងពាណិជ្ជកម្មចិន ក៏បានបញ្ជាក់ដែរថា ចិនបានរៀបចំបញ្ជីផលិតផលអាមេរិកសរុបចំនួន ១២៨ ដែលអាចនឹងស្ថិតនៅក្រោមគោលដៅ នៃការតម្លើងពន្ធ បើសិនជាប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀង ដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយគ្នាទេនោះ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ចិន កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើបញ្ជាតម្លើពន្ធនាំចូលផលិតផលពីចិន គិតជាទឹកប្រាក់សរុបជាង ៦០ពាន់លានដុល្លារ ដែលនេះជាសញ្ញាបង្ហាញអំពីគំរោងការអាមេរិក ដើម្បីបង្កើតសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងការបង្កើតគំនិតគាំពារនិយម៕