(វ៉ាសុីនតោន)៖ លោក John Dowd មេធាវីនាំមុខមួយរូប របស់លោកប្រធានាធិបតី Donald Trump ដែលមាននាទីឆ្លើយតបករណីស៊ើបអង្កេតរឿងរុស្ស៊ីលូកដៃ ក្នុងការបោះឆ្នោតអាមេរិក បានប្រកាសលាលែងពីតំណែង នេះបើយោងតាមសារព័ត៌មាន New York Times ចេញផ្សាយប៉ុន្មាននាទីមុននេះ។
លោក Dowd ដែលបានចាប់ផ្តើមដឹកនាំក្រុមការងារច្បាប់ការពារលោក Trump កាលពីរដូវក្តៅកន្លងទៅនេះ ធ្លាប់បានលើកឡើងពីគំនិតលាលែងពី តំណែងម្តងហើយម្តងទៀត ដោយសារលោក Trump មិនបានធ្វើតាមការប្រឹក្សារបស់លោក។
ការចាកចេញរបស់ Dowd គឺជាលទ្ធផលនៃការខ្វែងគំនិតគ្នាជាមួយលោកប្រធានាធិបតីរូបនេះ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រផ្នែកច្បាប់។ ជាក់ស្តែង លោក Trump ចង់អង្គុយផ្តល់បទសំភាសន៍ជាមួយលោក Robert Mueller ខណៈលោក Dowd ជឿថា ទង្វើនេះជារឿងមិនល្អ។
ការខ្វែងគំនិតគ្នាផ្សេងៗទៀតបានធ្វើឱ្យប្រធានាធិបតី Donald Trump បាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់លោក Dowd ក្នុងការការពារលោកដែលជាហេតុជំរុញឱ្យមានការលាលែងពីតំណែង។
យ៉ាងនេះក្តី លោក Dowd បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីមូលហេតុ នៃការចាកចេញរបស់លោកឡើយដោយគ្រាន់តែនិយាយថា «ខ្ញុំស្រឡាញ់ប្រធានាធិបតី ហើយសូមជូនពរឱ្យលោកជួបតែរឿងល្អ»។ ការលាលែងនេះ បានធ្វើឡើងត្រឹមតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Trump បានសុំដាក់បញ្ចូលលោក Joseph diGenova ចូលរួមក្នុងក្រុមការងារច្បាប់របស់លោក ដែលបង្កភាពអន់ចិត្តកើតឡើង៕