(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍នេះ បានចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak ក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ បន្លំពន្ធ និងបទចោទប្រកាន់ផ្សេងៗទៀតជាបន្តបន្ទាប់ នេះបើយោងតាមសេចក្តីរាយការណ៍ភ្នាក់ងារសារព័ត៌មាន Yonhap news ចេញផ្សាយប៉ុន្មាននាទីមុននេះ។
លោក Lee ត្រូវបានគេចាប់ខ្លួនទៅកាន់មណ្ឌលឃុំឃាំងដែលស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល លោកបានក្លាយជាអតីតប្រធានាធិបតីទី៤ របស់ប្រទេស កូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួនពីបទពុករលួយបែបនេះ។
អតីតមេដឹកនាំអភិរក្សនិយមវ័យ ៧៧ ឆ្នាំរូបនេះប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់១២ករណី ក្នុងនោះរួមទាំងការទទួលសំណូកជាង១១ពាន់លានវ៉ុន (១០,២ លានដុល្លារអាមេរិក) ពីទីភ្នាក់ងារចារកម្មរដ្ឋនិងក្រុមហ៊ុនឯកជន។
មិនតែប៉ុណ្ណោះលោក ក៏ត្រូវបានគេសង្ស័យថាបានកិបកេងប្រាក់ប្រមាណ៣៥ ពាន់លានវ៉ុន ពីក្រុមហ៊ុនមួយដើម្បីបានការគេចវេសពីការបង់ពន្ធ។ ក្រៅពីនេះនៅមានការចោទប្រកាន់ផ្សេងទៀត រួមមានការរំលោភអំណាច ការរំលោភលើសេចក្តីទុកចិត្ត និងការរំលោភច្បាប់បោះឆ្នោតជាដើម។
ប្រសិនបើគាត់ត្រូវបានលោកត្រូវកាត់ទោសអោយជាប់ពន្ធធនាគារមែននោះ លោកអាចប្រឈមមុខនឹងការជាប់ពន្ធធនាគាររហូតដល់ ៤៥ ឆ្នាំ។
សូមជម្រាបថា លោក Lee ធ្លាប់ជាប្រធានាធិបតីកូរ៉េខាងត្បូង ចាប់ពីឆ្នាំ ២០០៨ ដល់ដើមឆ្នាំ ២០១៣។ កាលពីមុនលោកធ្លាប់ជាអភិបាលក្រុងសេអ៊ូល ជាតំណាងរាស្ត្រ និងជានាយកប្រតិបត្តិក្រុមហ៊ុន Hyundai Engineering and Construction ផងដែរ៕