(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចំនួនកម្ទេចកម្ទីប្លាស្ទិក​ នៅតាមមហាសមុទ្រនានា​ទូទាំង​ពិភពលោក ត្រូវគេរំពឹងថា នឹងកើនឡើងបីដង​លើសពី​បរិមាណ​បច្ចុប្បន្ន​ នៅក្នុងអំឡុង​ពេល០១មួយទសវត្សរ៍ទៀត ប្រសិនបើដល់​ថ្ងៃខាងមុខ នៅតែពុំមាន​វិធានការ​តឹងរ៉ឹង ដើម្បីដោះស្រាយ​បញ្ហាចោលសំរាម​​ទេ​នោះ៕

២៖ ប្រធានាធិបតី​ប៉េរូ លោក ផេដ្រូ ផាប្លូ គូកស៊ីនស្គី (Pedro Pablo Kuczynski) បានដាក់លិខិត​លាលែងពីមុខតំណែង​តែម្តង នាថ្ងៃពុធ​សប្តាហ៍នេះ (ម៉ោងក្នុង​​ប្រទេសប៉េរូ) ពោលគឺនៅមុន​មួយថ្ងៃ​ នៃការប្រព្រឹត្តទៅនូវ​ដំណើរការបោះឆ្នោត​​របស់​សភាប៉េរូ ដើម្បី​សម្រេចថា នឹងទម្លាក់រូបលោក​ពីអំណាច​ដែរ ឬក៏អត់នោះ៕

៣៖ ប្រធានាធិបតី​ហ្វីលីពីន លោក ​រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងជា​ថ្មីម្ដងទៀតថា លោកនឹងមិន​អនុញ្ញាត​ឱ្យ​ហ្វីលីពីន ចូលរួមក្នុង​សង្រ្គាម​ ដែលដឹកនាំដោយ​សហរដ្ឋអាមេរិក​ឡើយ ព្រោះវាគ្មាន​ផ្ដល់ផលអ្វី​ដល់​ហ្វីលីពីន ក្រៅតែពី​អំពើឃោឃៅ និងការ​ឈឺចាប់៕

៤៖ សមាជិកសភា​នៃគណបក្សទាំងពីរ​ របស់សហរដ្ឋអាមេរិក បានប្រកាស​ឲ្យដឹងថា ពួកគេបានឈាន​ដល់កិច្ច​ព្រមព្រៀង​មួយ ដើម្បីផ្តល់កញ្ចប់​ថវិកាដល់​រដ្ឋាភិបាលសហព័ន្ធ​ សម្រាប់រយៈពេល ០៦ខែទៀត ពោលគឺដល់​ផុតឆ្នាំ​សារពើពន្ធ​ ឆ្នាំ២០១៨នេះ នៅប៉ុន្មានថ្ងៃ​មុន​ពេលកំណត់​ នៃការត្រូវបិទទ្វារ​រដ្ឋាភិបាលជាថ្មី​ម្តងទៀត៕

៥៖ ស្ថាបនិក Facebook​ លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) បានទទួល​ស្គាល់ថា បណ្ដាញសង្គម​របស់លោកបាន​បង្កើត កំហុសដោយ​បណ្ដោយឱ្យទិន្នន័យ​អ្នកប្រើប្រាស់​រាប់លាននាក់ ត្រូវបាន​ក្រុមហ៊ុនប្រឹក្សា​នយោបាយមួយ ​យកទៅ​ប្រើប្រាស់ក្នុង​ចេតនា​នយោបាយ។ ប៉ុន្តែ ស្ថាបនិក​រូបនេះ ក៏បានសន្យា​ផងដែរ​ថា នឹងការពារទិន្នន័យ​អ្នកលេង Facebook ហើយលោករីករាយក្នុងការផ្តល់សក្ខីកម្ម ចំពោះមុខ​សភាអាមេរិក​ផងដែរ៕

៦៖ អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា អាកាសធាតុក្ដៅជាប់​កំណត់ត្រា​កាលពីបី​ឆ្នាំមុន និងរលក កម្ដៅនៅក្នុង​ប្រទេស​អូស្ត្រាលី រួមទាំងការ​រលាយផ្ទាំងទឹកកក​អាក់ទិច និងកង្វះខាតទឹក​នៅអាហ្វ្រិក​ខាងត្បូង បាននិង​កំពុងធ្វើឱ្យ អាកាសធាតុ​ក្នុងឆ្នាំ២០១៨ នេះកាន់តែអាក្រក់​ឡើង៕