(ប៉ារីស)៖ អតីតប្រធានាធិបតី​បារាំង លោក នីកូឡាស សាកូស៊ី (Nicolas Sarkozy) បានប្រាប់ចៅក្រម​ដែលដាក់រូប​លោកឱ្យនៅ ក្រោមការស៊ើបអង្កេត​ជាផ្លូវការថា ការចោទប្រកាន់​មកលើរូបលោកថា បានទទួលមូលនិធិ​ខុសច្បាប់​ ពីអតីតមេដឹក​នាំលីប៊ី លោក មួអាម៉ា ហ្គាហ្វី (Muammar Gaddafi) គឺជារឿងកុហក​ ដែលធ្វើឱ្យជីវិតធ្លាក់​ចូលនរក។ នេះបើតាមការ​ចេញផ្សាយ​ដោយសារ ព័ត៌មាន​បារាំង Le Figaro នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។​

លោក សាកូស៊ី តាមរយៈការស្រង់​សម្ដីពីកាសែត​បារាំង Le Figaro បានគូស​បញ្ជាក់​​យ៉ាងខ្លី​ដូច្នេះថា «វាគឺរឿងកុហក​ដែលបាន ធ្វើឱ្យជីវិត​របស់​ខ្ញុំ​ ដូចជារស់នៅ​ក្នុងឋាននរក​ ចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១មក»។ ការថ្លែង​របស់អតីត​ប្រធានាធិប​តីបារាំងវ័យ ៦៣ឆ្នាំរូបនេះ កើតមានឡើង​ខណៈក្រុមរដ្ឋ​អាជ្ញាបារាំង កំពុងស៊ើប​អង្កេតលើការ​ចោទប្រកាន់ថា ក្រុម​យុទ្ធនាឃោសនា បោះឆ្នោត​របស់លោក​ បានទទួលប្រាក់រាប់លាន​អឺរ៉ូ ពីអតីតមេដឹកនាំ​លីប៊ី លោក ហ្គាហ្វី យកមកប្រើប្រាស់​ដើម្បីទ្រទ្រង់​យុទ្ធនាការ​ឃោសនា បោះឆ្នោតប្រធានាធិបតី​បារាំងកាលពី​ឆ្នាំ២០០៧។

សូមជំរាបថា អតីតប្រធានាធិបតី​​បារាំង លោក នីកូឡាស សាកូស៊ី ត្រូវបាន​​ប៉ូលិសបញ្ជូន​ខ្លួនទៅសាកសួរ​​ហើយ កាលពីថ្ងៃអង្គារ ហើយ​នេះជាការបង្ហាញខ្លួន​សាជាថ្មីលើកដំបូង​ចំពោះមុខច្បាប់ដោយ លោក សាកូស៊ី ដើម្បីទទួល​​ការសាកសួរ និងស៊ើបអង្កេត​​ឲ្យដឹងថា លោកពិតជាបាន​​ទទួលជំនួយ​ពី​មេដឹកនាំ​លីប៊ី លោក មួអាម៉ា ហ្គាហ្វី មែនដែរ ឬទេ កាលពីយុទ្ធនាការ​បោះឆ្នោត ឆ្នាំ២០០៧ ដែលកាល​ណោះ​លោក​ជាអ្នកឈ្នះ និងបានក្លាយ​ជា​ប្រធានាធិបតី​​បារាំងនោះ៕