(តិចសាស់)៖ ប៉ូលិសក្នុងទីក្រុង អូស្ទីន (Austin) នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានឱ្យដឹងកាលពីល្ងាចថ្ងៃពុធថា ពួកគេបានរកឃើញ កំណត់ហេតុសំឡេងទូរស័ព្ទដៃ របស់ជនសង្ស័យម្នាក់ ដែលបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃ ក្នុងទីក្រុង Austin។ គេជឿជាក់ជនសង្ស័យរូបនេះ បានផលិតគ្រាប់បែកកែច្នៃ០៧គ្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប៉ូលិសក្នុងទីក្រុង Austin បានបញ្ជាក់ថា ផ្អែកលើកំណត់ហេតុសំឡេងទូរស័ព្ទដៃរបស់ជនសង្ស័យ មានឈ្មោះថា Mark Anthony Conditt អាយុ ២៣ឆ្នាំ ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ មិនមានជាប់ពាក់ព័ន្ធនឹង សកម្មភាពភេរវកម្ម ឬការរើសអើង ឬក៏ស្អប់ខ្ពើមណាមួយនោះទេ។ លើសពីនេះទៅទៀត ប៉ូលិសក៏បាននិយាយដែរថា ពួកគេបានដឹងពីគ្រឿងផ្ទុះចំនួន ០៧ ដែលបានថតជាប់នៅក្នុងទូរស័ព្ទដៃ ហើយគ្រាប់បែកចុងក្រោយបំផុត បានបណ្ដាលឱ្យជនសង្ស័យរូបនេះបាត់បង់ជីវិត។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០២ ខែមីនាមក មនុស្សយ៉ាងហោចណាស់ ០២នាក់បានស្លាប់ និង០៦នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់កែច្នៃជាបន្តបន្ទាប់។ ដោយឡែកកាលពីថ្ងៃអង្គារ គ្រាប់បែកកែច្នៃទី០៥ ក៏បានផ្ទុះផងដែរដោយបង្កឱ្យ មនុស្សម្នាក់រងរបួស ខណៈកញ្ចប់គ្រាប់បែកទី០៦ ត្រូវគេប្រទះឃើញ និងត្រូវបំផ្លាញដោយអ្នកជំនាញ៕