(ឡុងដ៍)៖ ចំនួនកម្ទេចកម្ទីប្លាស្ទិក នៅតាមមហាសមុទ្រនានាទូទាំងពិភពលោក ត្រូវគេរំពឹងថា នឹងកើនឡើងបីដងលើសពីបរិមាណបច្ចុប្បន្ន នៅក្នុងអំឡុងពេល ០១មួយទសវត្សរ៍ទៀត ប្រសិនបើដល់ថ្ងៃខាងមុខ នៅតែពុំមានវិធានការតឹងរ៉ឹង ដើម្បីដោះស្រាយបញ្ហាចោលសំរាមទេនោះ។ នេះបើតាមការព្រមានពីរបាយការណ៍មួយ របស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
របាយការណ៍មានចំណងជើងថា «Foresight Future of the Sea ឬការព្យាការណ៍ដែនសមុទ្រនាពេលអនាគត» ដែលចុះផ្សាយដោយស្ថាប័នផ្នែកវិទ្យាសាស្រ្តរបស់រដ្ឋាភិបាលអង់គ្លេស បានរកឃើញថា ៧០ភាគរយ នៃចំនួនសំរាមទាំងអស់ នៅក្នុងមហាសមុទ្រ គឺសុទ្ធតែជាសារធាតុប្លាស្ទិកមិនអាចពុកផុយបាន ដែលត្រូវគេជឿជាក់ថា អាច នឹងកើនឡើងយ៉ាងគំហុក លើសពីសព្វថ្ងៃដល់ទៅបីដងឯណោះ នៅខ្ទង់ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥។
បើតាមការគូសបញ្ជាក់បន្ថែម នៅក្នុងរបាយការណ៍ខាងលើនេះ បច្ចុប្បន្នមានភស្តុតាងជាក់ស្តែងជាច្រើន បានបង្ហាញថា សារធាតុប្លាស្ទិក កំពុងបង្កការគំរាមកំហែងជាខ្លាំងដល់ពពួកសត្វសមុទ្រ ដោយសារតែការជាប់ជំពាក់នឹងថង់ប្លាស្ទិក ឬការលេបសារធាតុប្លាស្ទិកចូលទៅក្នុងខ្លួន អាចបណ្តាលឲ្យសត្វសមុទ្រជាច្រើនប្រភេទ ទទួលរងរបួស ឬក៏ងាប់បាន ហើយម៉្យាងវិញទៀតសារធាតុប្លាស្ទិក អាចបំពុលឆ្នេរសមុទ្រដ៏ស្រស់ស្អាតបានផងដែរ៕