(លីម៉ា)៖ ប្រធានាធិបតីប៉េរូ លោក ផេដ្រូ ផាប្លូ គូកស៊ីនស្គី (Pedro Pablo Kuczynski) បានដាក់លិខិតលាលែងពីមុខតំណែងតែម្តង នាថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងប្រទេសប៉េរូ) ពោលគឺនៅមុនមួយថ្ងៃ នៃការប្រព្រឹត្តទៅនូវដំណើរការបោះឆ្នោតរបស់សភាប៉េរូ ដើម្បីសម្រេចថា នឹងទម្លាក់រូបលោកពីអំណាចដែរ ឬក៏អត់នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ដោយផ្សាយផ្ទាល់ នៅទូរទាំងប្រទេស លោក Kuczynsi បានឲ្យដឹងថា រូបលោកពុំបានគ្រប់គ្រងក៏ដូចជាដឹកនាំប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាពនោះឡើយ ដោយសារតែការចោទប្រកាន់គ្មានភស្តុតាង ជុំវិញអំពើពុករលួយ ដែលបានតោងទាមរូបលោក ចាប់តាំងតែពីប៉ុន្មានខែដំបូងនៃការជាប់ឆ្នោត ឡើងកាន់អំណាចរបស់លោកមកម្ល៉េះ។
ការប្រកាសចុះចេញពីអំណាចនេះ បានកើតមានឡើងបន្ទាប់ពីមានឃ្លីបវីដេអូមួយចំនួន ដែលត្រូវគេចែកចាយពាសពេញបណ្តាញអ៊ីនធើណែត ដែលបង្ហាញឲ្យឃើញពីសកម្មភាពនៃបក្ខពួកក្រុមនយោបាយរបស់ លោក Kuczynsi បានដើរទិញសន្លឹកឆ្នោតរបស់អ្នកតំណាងរាស្រ្ត នៅក្នុងការបោះឆ្នោតសម្រេចលើជោគវាសនារបស់ លោក Kuczynsi ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរជម្រាបថា លោក Pedro Pablo Kuczynsi ដែលជាពាណិជ្ជករម្នាក់ ហើយបានក្លាយខ្លួនជាអ្នកនយោបាយ បានឡើងកាន់អំណាចជាប្រធានាធិបតី នៃប្រទេសអាមេរិកឡាទីនមួយនេះ កាលពីខែកក្កដា ឆ្នាំ២០១៦៕