(លីប៊ី)៖ កូនប្រុសអតីតមេដឹកនាំលីប៊ី លោក មួអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) គឺលោក សាអ៊ីហ្វ អាល់ អ៊ីស្លាម (Saif Al-Islam) ដែលមានគំរោងចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី នៅក្នុងឆ្នាំ២០១៨នេះ កំពុងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាជនទូទៅលីប៊ី ដោយពួកគេសង្ឃឹមថា លោកអាចនឹងជួយសង្រ្គោះលីប៊ី ចេញពីវឹកវរបង្កឡើងដោយបដិវត្តន៍ គំាទ្រពីអង្គការណាតូរបស់សហរដ្ឋអាមេរិក។ នេះបើសម្តីតាម លោក ខាឡេដ អាល់ហ្កាវែល (Khaled Al-Ghwail) ដកស្រង់ដោយសារព័ត៌មាន Russian Today (RT) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
បើទោះជាការបរិច្ឆេទ នៃការរៀបចំការបោះឆ្នោតប្រធានាធិបតី មិនទាន់ត្រូវបានគេកំណត់នៅឡើយក៏ដោយ ប៉ុន្តែលោក Khaled Al-Ghwail ជាមេធាវីរបស់លោក Saif Al-Islam បានបញ្ជាក់ប្រាប់ RT ថា កូនប្រុសលោក Gaddafi រូបនេះបាន ប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក្នុងនាមជាបេក្ខជនមកពីរណសិរ្សប្រជាជន ដើម្បីរំដោះប្រទេសលីប៊ី (PFLL) ហើយលោកក៏ជាជឿជាក់ដែរថា លោក Saif នឹងអាចទទួលបានជ័យជម្នះ។
លោក Khaled បានលើកឡើង នៅក្នុងបទសម្ភាសន៍ជាមួយ RT ដូច្នេះថា៖ «លោក Saif Al-Islam មានអ្នកគាំទ្រជាច្រើន ជាពិសេសគឺប្រជាជនសាមញ្ញាលីប៊ី ដែលពួកគេសុទ្ធតែយល់ពីទស្សនវិស័យរបស់លោក ដែលចង់រំដោះលីប៊ីពីភាពវឹកវរ។ មិនតែប៉ុណ្ណោះ ពួកគេក៏ជឿជាដែរថា លោកអាចនឹងបង្រួបបង្រួមឯកភាពជាតិឡើងវិញ ឈរលើផលប្រយោជន៍ជាតិ និងការសម្រេចចិត្តរបស់ប្រជាជនលីប៊ីខ្លួនឯង»។
គួរបញ្ជាក់ថា បើតាមលោក Khaled Al-Ghwail ក្រោយបដិវត្តន៍អារ៉ាប់កាលពីឆ្នាំ២០១១ បច្ចុប្បន្នលីប៊ីគឺជាប្រទេសគ្មានអធិបតេយ្យភាព និងច្បាប់ទម្លាប់ ព្រមទាំងកំពុងត្រូវបានដឹកនាំដោយក្រុមឧក្រិដ្ឋជន និងក្រុមប្រដាប់អាវុធខុសច្បាប់៕