(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងជាថ្មីម្ដងទៀតថា លោកនឹងមិនអនុញ្ញាតឱ្យហ្វីលីពីន ចូលរួមក្នុងសង្រ្គាម ដែលដឹកនាំដោយសហរដ្ឋអាមេរិកឡើយ ព្រោះវាគ្មានផ្ដល់ផលអ្វីដល់ហ្វីលីពីន ក្រៅតែពីអំពើឃោឃៅ និងការឈឺចាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធ លោក ឌូតឺតេ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវ ខ្ញុំផ្ដាំផ្ញើទៅសហរដ្ឋអាមេរិកថា មិនថាអ្នកធ្វើដំណើរទៅទីណា ឬក៏ធ្វើសង្គ្រាមក្នុងប្រទេសណាមួយនោះ កុំនាំហ្វីលីពីនទៅជាមួយ... ពីព្រោះយើងមិនបានទទួលផលប្រយោជន៍ ក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ ក្រៅតែពីអំពើឃោឃៅ និងការឈឺចាប់»។ សង្រ្គាមចុងក្រោយដែលហ្វីលីពីនបានចូលរួមជាមួយ សហរដ្ឋអាមេរិក គឺសង្រ្គាមឈ្លានពានអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ ដែលទើបតែគំរប់ខួប ១៥ឆ្នាំ កាលពីថ្ងៃអង្គារ។
គួររំលឹកថា ហ្វីលីពីន និងទីក្រុងវ៉ាស៊ីនតោន គឺសម្ព័ន្ធមិត្តនឹងគ្នា ហើយតែងតែដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីលើកកម្ពស់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប៉ុន្តែចាប់តាំងពីលោក ឌូតឺតេ ជាប់ឆ្នោតជា ប្រធានាធិបតីហ្វីលីពីន ទំនាក់ទំនងល្អបែបនេះប្រែជាល្អក់កករ រីឯបុរសខ្លាំងកណ្ដាប់ដៃដែកហ្វីលីពីនរូបនេះ ក៏ធ្លាប់បានសម្ដែងការប្រឆាំងជំទាស់ ជាច្រើនដងផងដែរចំពោះការដែល សហរដ្ឋអាមេរិក ទាញប្រទេសដ៏ដៃឱ្យចូលរួមក្នុងសង្រ្គាមរបស់ខ្លួន៕