(រ៉ង់ហ្គូន)៖ ទីបំផុតអនុប្រធានសភាមីយ៉ាន់ម៉ា លោក យូ ធី ឃុន ម្យ៉ាត (U Ti Khun Myat) ត្រូវបានជ្រើសតាំងឲ្យកាន់តំណែងបន្តពី អតីតប្រធានសភា លោក យូ វីន ម្យីនត៍ (U Win Myint) ដែលបានប្រកាសលាលែងចេញពីតំណែង កាលពីថ្ងៃពុធម្សិលមិញនេះ ដើម្បីត្រៀមកាន់តំណែងជាប្រធានាធិបតីថ្មីវិញ ជំនួសឲ្យលោក យូ ហាធីន ក្យរ ដែលបានលាលែងនៅថ្ងៃពុធដូចគ្នា ដោយសារតែលោកមានជំងឺ មិនអាចបំពេញកាតព្វកិច្ចដ៏សំខាន់នេះ តទៅទៀតបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ដោយឡែកសម្រាប់ខណៈនេះ អនុប្រធានាធិបតីទី១ នៃប្រទេសមីយ៉ាន់ម៉ា លោក យូ ម្យីនត៍ ស្វេ (U Myint Swe) ត្រូវបានសម្រេចតាមផ្លូវច្បាប់ ឲ្យឡើងជាប្រធានាធិបតីស្តីទី ដើម្បីចាត់ចែងការងារបណ្តោះអាសន្ន មុនពេលអតីតប្រធានសភា គឺលោក យូ វីន ម្យីនត៍ (U Win Myint) ស្បថឡើងកាន់តំណែងជាផ្លូវការ នៅក្នុងរយៈពេល ០៧ថ្ងៃ ទៅតាមច្បាប់រដ្ឋធម្មនុញ្ញ នៃប្រទេសអាស៊ានមួយនេះ។ នេះបើព័ត៌មានចេញផ្សាយកាលពីថ្ងៃពុធ។
ប្រធានសភាមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ (U Win Myint) បានសម្រចលាលែងចេញពីតំណែងហើយ បន្ទាប់ពីបានកាន់តំណែងនេះអស់រយៈពេល ០២ឆ្នាំ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក យូ ហាធីន ក្យរ សម្រេចចិត្តលាលែងពីតំណែងដូចគ្នា កាលពីព្រឹកថ្ងៃពុធនេះ ដើម្បីត្រៀមខ្លួនជំនួសតំណែងជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ។
លោក U Win Myint បច្ចុប្បន្នមានអាយុ ៦៦ឆ្នាំ ត្រូវបានជ្រើសតាំងជាប្រធានសភាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយក្រោយ មកទើបប្រធានាធិបតី យូ ហាធីន ក្យរ បានស្បថឡើងកាន់តំណែង។ សម្រាប់ការលាលែងពីប្រធានរដ្ឋសភានេះ គឺត្រូវបាន សារព័ត៌មានមីយ៉ាន់ម៉ា ចេញផ្សាយនៅមុននេះបន្តិចថា ដើម្បីជាការត្រៀមខ្លួនរបសលោក U Win Myint នឹងឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួសលោក យូ ហាធីន ក្យរ ដែលទើបប្រកាសលាលែងនៅព្រឹកមិញនេះ។
លោក យូ ហាធីន ក្យរ ដែលបច្ចុប្បន្នមានអាយុ ៧២ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី បានទទួលជ័យជម្នះយ៉ាងធំសម្បើម នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
ការឡើងកាន់តំណែងរបស់អតីតអ្នកបើកបររថយន្តផ្ទាល់ខ្លួន និងជាមនុស្សជំនិតបំផុតរបស់លោកស្រី អោងសាន ស៊ូជី រូបនេះ គឺត្រូវបានគ្រប់គ្នាដឹងថា ស្ថិតក្រោមមូលហេតុដែលច្បាប់រដ្ឋធម្មនុញ្ញ បានរារាំងលោកស្រី ស៊ូជី ក្នុងការកាន់តំណែងប្រធានាធិបតី ព្រោះលោកស្រី ធ្លាប់មានស្វាមីជាជនបរទេស។ គួររំលឹកថា មូលហេតុធំនៅពីក្រោយការផ្លាស់ប្តូរថ្នាក់ដឹកនាំ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺដោយសារតែលោក យូ ហាធីន ក្យរ មានជំងឺ ដែលមិនអាចឲ្យលោក បំពេញតួនាទីដ៏ធ្ងន់ធ្ងរនេះតទៅមុខទៀតបាន៕