ទីបំផុតបក្សទាំងពីរក្នុងសភាអាមេរិក «ឈានដល់កិច្ចព្រមព្រៀង លើកញ្ចប់ថវិកា ១.៣ ទ្រីលានដុល្លារ» ដើម្បីទ្រទ្រង់រដ្ឋាភិបាល ០៦ខែទៅមុខទៀត...
22-03-2018 10:45
(វ៉ាស៊ីនតោន)៖ សមាជិកសភានៃគណបក្សទាំងពីរ របស់សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់កញ្ចប់ថវិកាដល់រដ្ឋាភិបាលសហព័ន្ធ សម្រាប់រយៈពេល ០៦ខែទៀត ពោលគឺដល់ផុតឆ្នាំសារពើពន្ធ ឆ្នាំ២០១៨នេះ នៅប៉ុន្មានថ្ងៃមុនពេលកំណត់ នៃការត្រូវបិទទ្វាររដ្ឋាភិបាលជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) បណ្តាថ្នាក់ដឹកនាំ នៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងទ្វេភាគីមួយ ស្តីពីការទម្លាក់កញ្ចប់ថវិកាចំនួន ១.៣ពាន់ពាន់លានដុល្លារ (ទ្រីលានដុល្លារ) ដែលនឹងអនុញ្ញាតឲ្យទីភ្នាក់ងារ ក៏ដូចជាស្ថាប័ននានារបស់រដ្ឋាភិបាលអាមេរិក បន្តធ្វើប្រតិបត្តិការដោយពុំមានបញ្ហារឿងថវិកា រហូតដល់ខែកញ្ញា ឆ្នាំ២០១៨នេះ។
គួរជម្រាបថា សេចក្តីព្រាងកញ្ចប់ថវិកា ដែលតម្រូវឲ្យមានការឯកភាពពីមន្រ្តីនៃបក្សទាំងពីរនេះ ត្រូវបានសាទរដោយមន្រ្តីជាន់ខ្ពស់ បក្សសាធារណរដ្ឋ លោក ផូល រីយ៉ាន (Paul Ryan) ថា ជាការបើកទំព័រសករាជថ្មី សម្រាប់យោធាសហរដ្ឋអាមេរិក ខណៈមន្រ្តីជាន់ខ្ពស់បក្សប្រជាធិបតេយ្យ លោក ឆាក់ ស្គូមើ (Chuck Schumer) បានលើកឡើងថា វានឹងបំពេញអាទិភាពសំខាន់ៗជាច្រើន របស់បក្សប្រជាធិបតេយ្យ៕