(ស៊ីដនី)៖ អាជ្ញាធរអាកាសចរណ៍អូស្ត្រាលី បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់កាលពីថ្ងៃពុធ នៅឯតំបន់ថ្មប៉ប្រះទឹក ហ្គ្រែដ បារៀ រីហ្វ (Great Barrier Reef) ដោយសម្លាប់ភ្ញៀវទេសចរអាមេរិកកាំងជាស្ត្រីម្នាក់អាយុ ៦៥ឆ្នាំម្នាក់ និងបុរសអាយុ ៧៩ឆ្នាំ ម្នាក់ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ឧទ្ធម្ភាគចក្រធុន H120 ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចូលទៅក្នុងផ្ទៃទឹកចម្ងាយ ២៥០ម៉ែត្រ ពីតំបន់ឆ្នេរ ដែលស្ថិតនៅចំងាយ ៦៥គីឡូម៉ែត្រ ពីភាគខាងជើងកោះ វ៉ៃសាន់ដេយ៍ (Whitsundays)។ បន្ថែមពីលើនេះមនុស្សបីនាក់ផ្សេងទៀត ក្នុងនោះមានអ្នកដំណើរពីរនាក់ និងពីឡុតម្នាក់ ក៏បានរងរបួសផងដែរ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះ។ ចំណែកឯក្រុមហ៊ុន Whitsunday Air Services ជាម្ចាស់ឧទ្ធម្ភាគចក្រធុន H120 បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ហើយបានសម្រេចចិត្តផ្អាកការហោះហើររបស់ខ្លួន ជាបណ្ដោះអាសន្ន។
គួរបញ្ជាក់ថា ក្រៅតែពីភ្ញៀវទេសចរអាមេរិកពីរនាក់បានស្លាប់ មនុស្សម្នាក់ក្នុងចំណោមអ្នកនៅរស់រានមានជីវិតទាំងបីនាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្សពីរនាក់រងរបួសស្រាល៕