(យូអិន)៖ អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា អាកាសធាតុក្ដៅជាប់កំណត់ត្រាកាលពីបីឆ្នាំមុន និងរលក កម្ដៅនៅក្នុងប្រទេសអូស្ត្រាលី រួមទាំងការរលាយផ្ទាំងទឹកកកអាក់ទិច និងកង្វះខាតទឹកនៅអាហ្វ្រិកខាងត្បូង បាននិងកំពុងធ្វើឱ្យ អាកាសធាតុក្នុងឆ្នាំ២០១៨ នេះកាន់តែអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការឧតុនិយមអន្តរជាតិ (WMO) ព្យុះហឺរីខិន និងទឹកជំនន់មូសុងនៅក្នុងប្រទេសឥណ្ឌា បានចូលរួមចំណែកធ្វើបរិយាកាស និងអាកាសធាតុកាលពីឆ្នាំ២០១៧ ស្ថិតនៅក្នុងសភាពដ៏អាក្រក់បំផុត។ WMO បានបញ្ជាក់ បន្ថែមយ៉ាងដូច្នេះថា «ការចាប់ផ្ដើមឆ្នាំ២០១៨ បម្រែបម្រួលអាកាសធាតុ បានផ្ដាច់យកអាយុជីវិតមនុស្ស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន...។
មិនតែប៉ុណ្ណោះក្នុងឆ្នាំដដែលនេះ អូស្ត្រាលី និងអាហ្សង់ទីន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសាររលកកម្ដៅ ដែលកំពុងបន្តកើតមានផងដែរ នៅក្នុងប្រទេសកេនយ៉ា សូម៉ាលី ព្រមទាំងទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង ជាមួយកង្វះទឹកប្រើប្រាស់គួរឱ្យព្រួយបារម្ភ»។ វាជាគ្រោះមហន្តរាយជារួមសម្រាប់ភពផែនដី ក៏ព្រោះតែការកាប់បំផ្លាញព្រៃឈើ ការរីកចំរើនឧស្សាហកម្មធំៗដែលបំពុលបរិស្ថាន កាន់តែខ្លាំង និងកំណើនមនុស្សលោកជាដើម។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុនធានារ៉ាប់រងអាល្លឺម៉ង់ Munich Re គ្រោះមហន្តរាយធម្មជាតិ បានបង្កការខូចខាតគិតជាទឹកប្រាក់ ជាង ៣២០ពាន់លានដុល្លារកាលពីឆ្នាំ២០១៧ បើទោះជាបណ្ដាប្រទេសជាង ២០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងគោលដៅទប់ស្កាត់បម្រែបម្រួលអាកាសធាតុ កាលពីឆ្នាំ២០១៥ក៏ដោយ៕