(វ៉ាស៊ីនតោន)៖ ស្ថាបនិក Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) បានទទួលស្គាល់ថា បណ្ដាញសង្គមរបស់លោកបានបង្កើត កំហុសដោយបណ្ដោយឱ្យទិន្នន័យអ្នកប្រើប្រាស់រាប់លាននាក់ ត្រូវបានក្រុមហ៊ុនប្រឹក្សានយោបាយមួយ យកទៅប្រើប្រាស់ក្នុងចេតនានយោបាយ។ ប៉ុន្តែ ស្ថាបនិករូបនេះ ក៏បានសន្យាផងដែរថា នឹងការពារទិន្នន័យអ្នកលេង Facebook ហើយលោករីករាយក្នុងការផ្តល់សក្ខីកម្ម ចំពោះមុខសភាអាមេរិកផងដែរ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
លោក Zuckerberg ថ្លែងបែបនេះបន្ទាប់ពីមានសេចក្ដីរាយការណ៍ គណៈកម្មការសហព័ន្ធពាណិជ្ជកម្មអាមេរិក បានបើកការស៊ើបអង្កេតមួយលើក្រុមហ៊ុន Facebook សម្រាប់ការចោទប្រកាន់ថា ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ជាង ៥០លាននាក់ ត្រូវគេយកទៅប្រើដើម្បី ជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។
ភាពចម្រូងចម្រាសបានកើតឡើងក្រោយ ក្រុមហ៊ុន Cambridge Analytica (CA) ដែលជួលដោយក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ ត្រូវបានគេចោទប្រកាន់ថា បានប្រមូលទិន្នន័យផ្ទាល់ខ្លួន នៃអ្នកប្រើប្រាស់ Facebook រីឯក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ក៏ត្រូវគេសង្ស័យផងដែរថា បណ្ដោយឱ្យក្រុមហ៊ុនអង់គ្លេស ប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ជាង ៥០លាននាក់ ដើម្បីជះឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតី អាមេរិកកាលពីឆ្នាំ២០១៦។ ក៏ប៉ុន្តែ ក្រុមហ៊ុន CA បានច្រានចោលការចោទប្រកាន់មកលើខ្លួន។
ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅលើ Facebook កាលពីថ្ងៃពុធ លោក Zuckerberg បានទទួលស្គាល់ថា ពិតជាមានបែកធ្លាយព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់។ ប៉ុន្តែ លោកបានសន្យាថា នឹងការពារព័ត៌មានរបស់អ្នកប្រើប្រាស់។ «យើង មានទំនួលខុសត្រូវការពារទិន្នន័យរបស់អ្នក ហើយបើសិនជាយើងមិនអាចធ្វើវាទេ នោះយើងមិនសាកសមនឹងបម្រើអ្នកទេ... ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះអ្វីដែលកើតឡើង»។ នេះបើតាមសម្តីស្ថាបនិក Facebook លោក Mark Zuckerberg។
គួរបញ្ជាក់ថា គិតចាប់តាំងពីព័ត៌មានខាងលើត្រូវបានបែកធ្លាយ ក្រុមហ៊ុនអាមេរិកមួយនេះបានខាតបង់គិតជាទឹកប្រាក់ជាង ៦០ពាន់លានដុល្លារ ដោយសារតែភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មានក្នុងរយៈពេល ០៤ឆ្នាំ៕