(អង់គ្លេស)៖ អដ្ឋិធាតុនៃបិតាវិទ្យាសាស្ត្រ-រូបវិទ្យា លោក Stephen Hawking ដែលទើបបានទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរអង់គ្លេសបញ្ជាក់ថា នឹងត្រូវបញ្ចុះនៅទីវាលវីរៈបុរស ដែលស្ថិតនៅជាប់ផ្នូររបស់ លោក Sir Isaac Newton អ្នកវិទ្យាសាស្ត្រសម័យមុន និងប្រកបដោយកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ខណៈដែលបុណ្យសពជាលក្ខណៈឯកជន នឹងត្រូវក្រុមគ្រួសារលោក Hawking រៀបចំនៅថ្ងៃទី៣១ ខែមីនា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC ដែលត្រូវបានដកស្រង់នៅថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
អដ្ឋិធាតុលោក Newton ដែលល្បីល្បាញខាងរកឃើញ កម្លាំងទំនាញសកលនោះ ហើយលោកបានទទួលមរណៈភាព កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ១៧២៧ នាសង្កាត់ Kensington ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ មិនត្រឹមតែស្ថិតនៅជិតផ្នូរលោក Newton ប៉ុណ្ណោះទេ ផ្នូររបស់លោក Hawking ក៏នឹងស្ថិតនៅក្បែរផ្នូររបស់រូបវិទូដ៏ល្បីល្បាញ លោក Charles Darwin ដែលបានទទួលមរណៈភាព កាលពីឆ្នាំ១៨៨២ ផងដែរ នៅឯទីលាននៃសារៈមន្ទីរ Westinster Abbey ទីក្រុងឡុងដ៍ ដែលមានអាយុកាល តាំងតែពីសតវត្សរ៍ទី ១១។
លោក ហាកឃីង បានទទួលមរណភាពកាលពីថ្ងៃពុធ ក្នុងវ័យ ៧៦ឆ្នាំ ដោយសារជំងឺដ៏កម្រមួយហៅថា Amyotrophic Lateral Sclerosis (ALS) ដែលបានធ្វើឲ្យសាច់ដុំរបស់លោកដំណើរការលែងបានបន្តិចម្តងៗ។ លោកបានទទួលមរណភាព យ៉ាងស្ងប់ស្ងាត់នៅក្នុងផ្ទះរបស់លោក នៅក្នុងទីក្រុង Cambridge។ លោក Hawking ដែលមានឈ្មោះ ពេញថា Stephen William Hawking បានកើតនៅទីក្រុងអុកស្វត (Oxford) ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤២ ហើយឪពុករបស់លោក ដែលជាអ្នកស្រាជ្រាវផ្នែកជីវវិទ្យាម្នាក់នោះ បានផ្លាស់ប្តូរទីលំនៅជាមួយម្តាយរបស់លោក ចេញពីទីក្រុងឡុងដ៍ ដើម្បីគេចខ្លួនពីការទម្លាក់គ្រាប់របស់ពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់។
លោកគឺជាបុគ្គលម្នាក់ មានការតស៊ូពុះពារយ៉ាងខ្លាំងក្លា ដោយបានបញ្ចប់សៀវភៅមួយក្បាលមានចំណងជើងថា «A Brief History of Time» ដែលលក់ដាច់បានជាង ១០លានក្បាល ទោះបីជាវាត្រូវគេដាក់រហស្សនាមថា ជា «សៀវភៅដ៏ល្បីបំផុតលើកលោក ដែលពុំមាននរណាអាន» ក៏ដោយ។ ក្នុងការចូលរួមចំណែករបស់លោក ទៅក្នុងចំណេះដឹងផ្នែកវិទ្យាសាស្រ្ត លោក Hawking បានរកឃើញបាតុភូតមួយ ដែលត្រូវគេស្គាល់ថា «Hawking Radiation» ក្នុងទ្រឹស្រ្តីនេះគឺប្រហោងខ្មៅ (Black Hole) ជាទូទៅបញ្ចេញថាមពលរបស់វាបន្តិចម្តងៗ ហើយក៏រលាយបាត់បង់ទៅ។
លោក Hawking មានឈ្មោះល្បីល្បាញ និងគោរពយ៉ាងខ្លាំង ដោយសារសមត្ថភាពដ៏អស្ចារ្យរបស់លោក ក្នុងការបង្កើតដំណោះស្រាយបែបវិទ្យាសាស្រ្ត ដោយពុំចាំបាច់ធ្វើការគណនា ឬការពិសោធន៍អ្វីឡើយ។ ចំណែកឯ ស្នាដៃចុងក្រោយបំផុត ឬជាដំបូន្មានចុងក្រោយ ដែលត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោកនោះ គឺលោក Hawking បានប្រាប់ដល់ក្រុមអ្នកវិទ្យាសាស្ត្រ និងមនុស្សលើភពផែនដី ឲ្យឈប់បន្តសកម្មភាពស្វែងរកជីវិតអេលៀន ឬមនុស្សភពផ្សេងនោះទៀតទៅព្រោះវា នឹងបង្កការគំរាមកំហែងដល់ភពផែនដី ប្រសិនបើអេលៀនទាំងនោះ មកកាន់តែផែនដីដោយចេតនាចង់ទន្ទ្រានគ្រប់គ្រង។
ជុំវិញការទទួលមរណៈភាពនេះ កូនៗរបស់លោក Hawking គឺអ្នកនាង Lucy, លោក Robert និង លោក Tim បានអះអាង ថា ពួកគេពិតជាមានអារម្មណ៍ក្តុកក្តួលបំផុត ចំពោះការលាចាកលោក នៃឪពុកជាទីស្រឡាញ់បំផុតរបស់ពួកគេ ហើយបណ្ដា មេដឹកនាំដូចជានាយករដ្ឋមន្ត្រីក៏បានចូលរួមសម្ដែងក្ដីមរណទុក្ខយ៉ាងក្រៀមក្រំផង ចំពោះការបាត់បង់អ្នកវិទ្យាអស្ចារ្យរូបនេះ។ តែទោះបីជាបែបនេះក្តី ស្នាដៃ និងលទ្ធផលនៃការស្រាវជ្រាវរបស់លោក នឹងបន្តក្លាយជាវត្ថុមានតម្លៃ សម្រាប់អ្នកវិទ្យាសាស្ត្រ និងមនុស្សលើផែនដី ធ្វើការស្វែងយល់ ហើយសិក្សាបន្តទៅមុខទៀត៕