(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរ ជូនចំពោះលោក វ៉្លាឌីមៀ ពូទីន សម្រាប់ការបន្តជាប់ឆ្នោតនៅអាណត្តិថ្មីទៀតរបស់លោក ក្នុងនាមជាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅល្ងាចថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងលិខិតដែលលោកបានផ្ញើទៅកាន់លោក ពូទីន កាលពីថ្ងៃអង្គារម្សិលមិញ លោក គីម ជុងអ៊ុន បាននិយាយយ៉ាងដូច្នេះថា «រូបខ្ញុំសូមសម្តែងការអបអរដោយស្មោះអស់ពីចិត្ត ចំពោះលោក សម្រាប់ការបន្តជាប់ឆ្នោតសាជាថ្មីម្តងទៀត ក្នុងនាមជាប្រធានាធិបតីរបស់សហព័ន្ធរុស្ស៊ី។ ការជាប់ឆ្នោតរបស់លោក ក្នុងនាមជាប្រធានាធិបតីនេះ គឺជាការបង្ហាញឲ្យឃើញពីការគាំទ្រយ៉ាងពេញទំហឹង របស់ប្រជាពលរដ្ឋរុស្ស៊ី ព្រមទាំងក្តីជឿទុកចិត្តរបស់ពួកគេ ចំពោះរូបលោក»។
គួរជម្រាបថា លោក ពូទីន កាលពីថ្ងៃអាទិត្យកន្លងទៅ ត្រូវបានប្រជាពលរដ្ឋរុស្ស៊ីភាគច្រើន សម្រេចបោះឆ្នោតជ្រើសរើសឲ្យ បន្តកាន់អំណាចនៅក្នុងអាណត្តិទីបួនរបស់លោកតទៀត ពោលគឺដល់ឆ្នាំ២០២៤៕