(អ៊ីស្រាអែល)៖ នៅទីបំផុតកងទ័ពអាកាសអ៊ីស្រាអែល បានសារភាពជាលើកដំបូងថា ខ្លួនគឺជាអ្នកដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដើម្បីកម្ទេចរ៉េអាក់ទ័រនុយក្លេអ៊ែរមួយកន្លែង សាងសង់ដោយកូរ៉េខាងជើង នៅក្នុងទីក្រុង ឌែរ អេស ហ្ស័រ (Deir ez-Zor) ប្រទេសស៊ីរី កាលពីឆ្នាំ២០០៧។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ កងទ័ពអាកាសអ៊ីស្រាអែល បានបញ្ចេញរូបភាពភស្ដុតាង នៃការវាយប្រហារកម្ទេចរ៉េអាក់ទ័រនុយក្លេអ៊ែរនោះ ដើម្បីទប់ស្កាត់កុំឱ្យរដ្ឋាភិបាលស៊ីរី ផលិតអាវុធនុយក្លេអ៊ែរ។ កងទ័ពអាកាសអ៊ីស្រាអែល បានលើកឡើងយ៉ាងដូច្នេះថា «នៅអំឡុងពេលយប់កាលពីថ្ងៃទី៥ ទី០៦ ខែកញ្ញា ឆ្នាំ២០០៧ កងទ័ពអាកាសអ៊ីស្រាអែល បានបំផ្លាញរោងចក្រនុយក្លេអ៊ែរស៊ីរី ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ចុងក្រោយ នៅឯទីក្រុង Deir ez-Zor ប្រទេសស៊ីរី... យន្ដហោះចម្បាំង F-16 ចំនួន ០៤គ្រឿង បានបំផ្លាញរោងចក្រនុយក្លេអ៊ែរនេះ មិនមែនដើម្បីតែសន្តិសុខអ៊ីស្រាអែលតែម្នាក់ឯង នោះទេ តែក្នុងបុព្វហេតុសន្តិសុខនៅក្នុងតំបន់ទំាងមូល»។
គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ីរី ធ្លាប់បានបដិសេធជាច្រើនដងថា ខ្លួនមិនមានរោងចក្រស្រាវជ្រាវនុយក្លេអ៊ែរនោះទេ ហើយថាការ បំផ្លាញរោងចក្រដែលកងទ័ពអ៊ីសា្រអែលបំផ្លាញនោះ គ្រាន់តែជាមូលដ្ឋានយោធាកំពុងស្ថិតក្រោមការសាងសង់តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ទីក្រុងតែលអាវីល បានអះអាងថា វាជារោងចក្រនុយក្លេអ៊ែរចូលរួមសាងសង់ដោយកូរ៉េខាងជើង៕