(តៃប៉ិ)៖ ក្រសួងការពារកោះតៃវ៉ាន់ នៅថ្ងៃពុធនេះបានឱ្យដឹងថា ចិនបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង Liaoning ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលបែងចេញចិន និងកោះតៃវ៉ាន់ជាពីរ ដែលប្រការនេះបានបង្កជាការព្រួយបារម្ភ ពីសំណាក់រដ្ឋាភិបាលទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
ការអះអាងខាងលើរបស់ក្រសួងការពារជាតិតៃវ៉ាន់ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានថា តៃវ៉ាន់អាចនឹងប្រឈមមុខនឹងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ បើសិនជាមិនព្រមបោះបង់ចោល គំនិតចង់បានឯករាជ្យផ្ដាច់ខ្លួនពីចិន ព្រោះ តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិន។
ជុំវិញបញ្ហានេះដែរ ថ្លែងនៅចំពោះមុខសភាតៃវ៉ាន់ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក យេន តេហ្វា (Yen Teh-fa) បានបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning បានចូលមកក្នុងច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ ខណៈក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើសកម្មភាពរបស់នាវាចម្បាំងមួយនេះ។ យ៉ាង ណាក៏ដោយទីក្រុងប៉េកាំង មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញព័ត៌មាននេះទេ។
គួររំលឹកថា កាលពីខែមករា ចិនក៏ធ្លាប់បានបញ្ជូននាវា Liaoning មកកាន់ច្រកសមុទ្រតៃវ៉ាន់ផងដែរដោយអះអាងថា វាជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធាជាប្រចាំ។ ប៉ុន្តែ តៃវ៉ាន់ បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងសកម្មភាពយោធាចិន នៅក្បែរដែនទឹករបស់ខ្លួន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕