(អាហ្វ្រិក)៖ សត្វរមាស​ឈ្មោលពណ៌ស​ចាស់ជាងគេ ដែលនៅសល់តែ​មួយក្បាលគត់ នៅក្នុង​ពិភពលោកបាន​ងាប់ហើយ កាលពីថ្ងៃចន្ទ ដោយវាមាន​អាយុ ៤៥ឆ្នាំ នៅឯឧទ្យាន Ol Pajeta Conservancy នៃសង្កាត់ ឡៃគីព្យ៉ា (Laikipia County) ស្ថិតនៅភាគខាងជើង​ ប្រទេសកេនយ៉ា។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

យោងតាមក្រុមអ្នកអភិរក្សសត្វរមាស​កេនយ៉ា សត្វរមាសសខាងលើមាន​ឈ្មោះថា ស៊ូដង់ (​Sudan) ហើយវាបាន​ធ្លាក់ខ្លួនឈឺ ដោយសារតែ​វាមានអាយុច្រើន ដែលធ្វើឱ្យ​សាច់ដុំ និងទម្ងន់របស់វា​មានការផ្លាស់ប្ដូរ​យ៉ាងខ្លាំង។ ស្ថានភាពរបស់​ស៊ូដង់កាន់តែ មានភាពយ៉ាប់យ៉ឺនក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដល់ថ្នាក់វាមិនអាចក្រោក​ឈរបាន និងមានការឈឺចាប់យ៉ាងខ្លំាង រហូតបង្ខំឱ្យក្រុមអ្នក​មើលថែ ចាក់ថ្នាំ​សម្លាប់វាតែម្ដង។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកភិរក្ស​សត្វរមាសកេនយ៉ា ស៊ូដង់បានបន្សល់​ទុក កូនរមាសញីពណ៌ស​តែពីរគត់ នៅលើពិភពលោក នោះគឺកូនរមាស​ញីឈ្មោះ Najin និង Fatu ដែលកំពុងរស់​នៅក្នុង​ឧទ្យាន Ol Pejeta។

បើតាមអង្គការ WWF សព្វថ្ងៃនេះ​រមាសគ្រប់ជំពូក​នៅលើផែនដី មានចំនួន​ប្រហែល ៣០,០០០ក្បាលប៉ុណ្ណោះ ហើយភាគ​ច្រើនបំផុត​ស្ថិតនៅក្នុងទ្វីប​អាហ្វ្រិក ឬប្រទេស​អាហ្វ្រិកខាងត្បូង ដោយក្នុងនោះ​គ្រាន់តែរមាសខ្មៅនៅ​ប្រទេសនេះ​មាន​ចំនួនរហូតដល់ទៅ ៤០% នៃរមាសខ្មៅ​សរុបលើលោកទៅហើយ។ បន្ទាប់មកទៀត​គឺប្រទេស ណាមីបៀ, ហ្ស៊ីមបាវេ និងកេនយ៉ា៕