(រ៉ងហ្គូន)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ ហាធីន ក្យរ (U Htin Kyaw) បានសម្រេចចិត្តលាលែងពីតំណែងហើយ ដោយសារមូលហេតុ លោកចង់មានពេលសម្រាក (ទំនងជាអាចមានបញ្ហាសុខភាព) ហើយមេដឹកនាំថ្មីរបស់ប្រជាជាតិអាស៊ានមួយនេះ អាចនឹងត្រូវជ្រើសតាំងនៅក្នុងរយៈពេល ០៧ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសលាលែងនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា ដែលសារព័ត៌មានចិន ស៊ីនហួរ ដកស្រង់នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា លោក យូ ហាធីន ក្យរ ដែលបច្ចុប្បន្នមានអាយុ ៧១ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី បានទទួលជ័យជម្នះយ៉ាងធំសម្បើម នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
ការឡើងកាន់តំណែងរបស់អតីតអ្នកបើកបររថយន្តផ្ទាល់ខ្លួន និងជាមនុស្សជំនិតបំផុតរបស់លោកស្រី អោងសាន ស៊ូជី រូបនេះ គឺត្រូវបានគ្រប់គ្នាដឹងថា ស្ថិតក្រោមមូលហេតុដែលច្បាប់រដ្ឋធម្មនុញ្ញ បានរារាំងលោកស្រី ស៊ូជី ក្នុងការកាន់តំណែងប្រធានាធិបតី ព្រោះលោកស្រី ធ្លាប់មានស្វាមីជាជនបរទេស៕