ក្តៅគគុក! អាជ្ញាធររដ្ឋតិចសាស់ «កំពុងស៊ើបអង្កេតយ៉ាងបន្ទាន់ ជុំវិញករណីបំផ្ទុះគ្រាប់បែកច្នៃ» ដែលបានកើតឡើង ០៥លើក នៅក្នុងទីក្រុង Austin!
21-03-2018 11:10
(អាមេរិក)៖ ហេតុការណ៍ផ្ទុះថ្មីមួយផ្សេងទៀត បានបណ្តាលឲ្យមនុស្សម្នាក់រងរបួស នៅក្នុងទីក្រុង អូស្ទីន (Austin) នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ខណៈវាគឺជាករណីលើកទី ៥ ហើយដែលឧប្បត្តិហេតុដូចគ្នានេះ បានកើតឡើង នៅក្រុង Austin ក្នុងអំឡុងខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
បើតាមប៉ូលិសនៃទីក្រុង Austin ហេតុការណ៍ផ្ទុះខាងលើ ត្រូវបានបង្កឡើងដោយឧបករណ៍កែច្នៃម៉្យាង ប៉ុន្តែអាជ្ញាធរបានជឿជាក់ថា វាពុំមានជាប់ពាក់ព័ន្ធករណីផ្ទុះពីមុនៗក្នុងខែនេះ ដែលបានផ្តាច់ជីវិតមនុស្ស ០២នាក់ និងបានបណ្តាលឲ្យទទួលរងរបួសមួយចំនួនទៀតនោះឡើយ។ យោងតាមការឲ្យដឹងពីភ្នាក់ងារសង្រ្គោះបន្ទាន់ នៃទីក្រុងកើតហេតុ មនុស្សម្នាក់បានទទួលរងរបួស ក្នុងហេតុការណ៍ថ្មីនេះ ដែលបានកើតឡើងនៅភាគខាងត្បូងទីក្រុង Austin។
គួរជម្រាបថា ចាប់តាំងពីដើមខែមីនានេះមក ទីក្រុង Austin បានជួបប្រទះករណីផ្ទុះគ្រាប់បែកច្នៃ ដែលត្រូវបានគេបង្កៃទុកនៅក្នុងប្រអប់ចំនួន ០៤លើកហើយ ដែលករណីទាំងនោះត្រូវអាជ្ញាធរអាមេរិក អះអាងមានទំនាក់ទំនងនឹងគ្នា ហើយមនុស្សពីរនាក់ក៏បានបាត់បង់ជីវិតផងដែរ៕