(អាហ្វ្រិកខាងត្បូង)៖ អនុប្រធានាធិបតីអាហ្រ្វិកខាងត្បូង ដែលទើបត្រូវបានតែងតាំង លោក ដេវីដ ម៉ាប៊ូហ្សា (David Mabuza) បានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសអាហ្វ្រិកខាងត្បូង និងចិន បានឈានដល់ភាពរឹងមាំជាប្រវត្តិសាស្ត្រ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនដល់ ៣៥.៣ពាន់លានដុល្លារ កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
ជាមួយគ្នានោះ លោក David Mabuza ក៏បានបញ្ជាក់ដែរថា ទំនាក់ទំនងការទូតរវាងអាហ្វ្រិកខាងត្បូង និងចិន មានភាពរីក ចំរើនយ៉ាងខ្លាំងក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ហើយទីក្រុងប៉េកាំងគោរពបានយ៉ាងល្អ នូវយន្ដការនៃទំនាក់ទំនងទ្វេភាគី និងពហុភាគី ក្នុងការលើកកម្ពស់ផលប្រយោជន៍រួម។ អនុប្រធានាធិបតីអាហ្រ្វិកខាងត្បូងរូបនេះ បន្ថែមថា ទំហំពាណិជ្ជកម្មទ្វេភាគីកំពុងបន្តរីកចំរើនទៅមុខ ដោយចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់អាហ្វ្រិកខាងត្បូង ក្នុងរយៈពេល ០៨ឆ្នាំមកនេះ។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់ លោក David Mabuza ធ្វើឡើងឱកាសប្រទេសទាំងពីរប្រារព្ធខួប ២០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កាលពីថ្ងៃអង្គារ៕