(សេអ៊ូល)៖ អ្នកសា្រវជា្រវកូរ៉េខាងត្បូងមួយក្រុម នៅថ្ងៃពុធនេះបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកូរ៉េខាងជើង បានកើនឡើង ចាប់តាំងពីលោក គីម ជុងអ៊ុន បានឡើងកាន់អំណាចកាលពីឆ្នាំ២០១១មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ក្រុមស្រាវជ្រាវកូរ៉េខាងត្បូង មកពីសាកលវិទ្យាល័យ កាងវ៉ុន (Kangwon) ធ្វើឡើងដោយផ្អែកលើរបាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដូចជា Rodong Sinmun និង Minju Choson ជាដើមព្រមទាំងការព្រមានពីការ ផាកពិន័យពីសំណាក់អាជ្ញាធរកូរ៉េខាងជើង លើអ្នកល្មើសច្បាប់ចរាចរណ៍ពីឆ្នាំ១៩៤៥ ដល់ឆ្នាំ២០១៦។
លើសពីនេះទៅទៀត ក្រុមស្រាវជ្រាវនេះដដែល ក៏បានបញ្ជាក់ដែរថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង ក៏បានរាយការណ៍ជាញឹកញាប់ផងដែរ ពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៅចន្លោះពីឆ្នាំ២០១២ និងឆ្នាំ២០១៥។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយទាំងនេះ មិនបានរាយការណ៍ពីភាពវិជ្ជមាន នៅក្នុងប្រទេសរបស់ខ្លួនឡើយ ខណៈក្រុមអ្នកសា្រវជ្រាវកូរ៉េខាងត្បូងអះអាងថា គ្រោះថ្នាក់ចរាចរណ៍នៅកូរ៉េខាងជើង មានសភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកស្រាវជ្រាវខាងលើគ្រោះថ្នាក់ចរាចរណ៍នៅកូរ៉េខាងជើង ភាគច្រើនបង្កឡើងដោយការផឹកគ្រឿងស្រវឹង និងធ្វេសប្រហែសក្នុងការបើកបរ ខណៈអាជ្ញាធរបានអនុវត្តការផាកពិន័យ ដោយដកហូតយានយន្ដ ឬព្យួរប័ណ្ណបើកបរ ក៏អាចត្រូវជាប់ពិន័យធ្ងន់ធ្ងរក៏មាន៕