(ស៊ីដនី)៖ ផ្នែកបន្ថែមទៀតហើយ នៃផ្ទាំងទឹកកដ៏ធំមួយនៅទ្វីបអង់តាកទិក ពោលគឺប៉ុនប្រទេសបារាំងមួយទាំងមូលឯណោះ បានរបេះចេញ និងកំពុងរសាត់អណ្តែតនៅលើមហាសាគរ ដែលប្រការនេះបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្ត មានក្តីព្រួយបារម្ភជាខ្លាំងថា ផ្ទាំងទឹកកកយក្សនេះ អាចរលាយឆាប់រហ័សឆ្ងាយជាងការរំពឹងទុក ស្របពេលដែលអាកាសធាតុកាន់តែក្តៅទៅៗ ហើយទីបំផុតបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កម្រិតនីវ៉ូទឹកសមុទ្រ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
ផ្ទាំងទឹកកកមានឈ្មោះថា Totten Glacier ស្ថិតក្នុងចំណោមបណ្តាផ្ទាំងទឹកកកធំៗបំផុត នៅតំបន់អង់តាក់ទិក ហើយអ្នកវិទ្យាសាស្រ្ត បានផ្តោតការយកចិត្តទុកដាក់ និងតាមឃ្លាំមើលមិនដាក់ភ្នែកនោះឡើយ ចំពោះការដែលវារលាយ ដោយសារតែបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃទឹក ដែលផ្ទាំងទឹកកកមហិមានេះ អាចនឹងបង្កឡើងបាននាថ្ងៃអនាគត។
គួរជម្រាបថា ផ្ទាំងទឹកកធំៗនៅតំបន់ប៉ូលគឺជាប្រភពនៃទឹកសាបភាគច្រើនរបស់ផែនដី និងជាកត្តាចម្បងជាងគេ ក្នុងការធ្វើឲ្យកម្រិតកម្ពស់ទឹកសមុទ្រមានការកើនឡើង នៅពេលដែលពួកវារលាយ។ បើតាមការតាមដានរបស់ NASA កាលពីចន្លោះឆ្នាំ២០០២ និងឆ្នាំ២០១៦ ទ្វីបអង់តាក់ទិក បានបាត់បង់ផ្ទាំងទឹកកកគិតជាទម្ងន់ប្រមាណ ១២៥ជីហ្គាតោន (Gigatonnes) ក្នុងមួយឆ្នាំ ដែលជាហេតុបង្កឲ្យកម្រិតកម្ពស់ទឹកសមុទ្រទូទាំងពិភពលោក កើនក្នុងចំនួន ០.៣៥មីលីម៉ែត្រ ជារៀងរាល់ឆ្នាំ។
ចំណុចសំខាន់៖ ក្រុមអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភ ព្រោះតែការរបេះចេញ ដ៏ធំមហិមា នៃផ្ទាំងទឹកកកខាងលើនេះ គឺគ្មានវិធីណាមួយ អាចធ្វើការផ្សះផ្សាវិញបានឡើយ ហើយប្រាកដណាស់ថា វាជាសញ្ញាដ៏អាក្រក់បំផុត នៃការឡើងកម្តៅផែនដី។ ជាក់ស្តែងបើផ្ទាំងទឹកកករបេះចេញពីបណ្តុំផ្ទាំងធំរបស់វាបែបនេះ វានឹងបង្កឲ្យវារលាយកាន់តែឆាប់ជាងធម្មតា ហើយវាក៏ជាអាចជាកត្តាបង្កឲ្យសត្វភែនឃ្វីនរាប់លានក្បាល ធ្វើការបម្លាស់ទី បើតាមការផ្សាយព័ត៌មានកាលពីប៉ុន្មានសប្តាហ៍មុនផងដែរ៕