(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងជួបជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ខាងមុខនេះ ដើម្បីពិភាក្សាគ្នាជុំវិញការរត់ប្រណាំងសព្វាវុធ ដែលលោកផ្ទាល់ចាត់ទុកថា កំពុងស្ថិតនៅក្រៅការគ្រប់គ្រង ខណៈលោក ពូទីន ទើបតែប្រកាសពីគំរោងកាត់បន្ថយ កញ្ចប់ថវិកាយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ថ្លែងបែបនេះនៅក្នុងពេលឆ្លើយសំណួរ ពាក់ព័ន្ធនឹងលោក ពូទីន នាឱកាសដែលលោកបើកកិច្ចប្រជុំ ជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) នៅឯសេតវិមាន នៅថ្ងៃថ្ងៃអង្គារសប្តាហ៍។ ប្រធានាធិបតីអាមេរិករូបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ក៏បានអបអរសាទរ លោក ពូទីន ផងដែរ បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតី ដឹកនាំប្រទេសរុស្ស៊ីរយៈពេល ០៦ឆ្នាំ ទៅមុខទៀត។
ប៉ុន្តែទន្ទឹមគ្នានឹងការអបអរ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ រួមទាំងរុស្ស៊ីតាមទាន់សហរដ្ឋអាមេរិកដាច់ខាត។ «យើងនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នាស្ដីពីការរត់ប្រណាំងអាវុធ ដែលកំពុងស្ថិតនៅក្រៅការគ្រប់គ្រង»។ នេះជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងបន្តរក្សាការបង្កើនការចំណាយលើវិស័យយោធា ហើយយើងនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ នៅក្នុងលោកតាមទាន់ ឬមានអ្វីដែលយើងកំពុងមាននោះទេ... សហរដ្ឋអាមេរិកនៅតែខ្លាំង ហើយខ្លាំងដាច់គេនៅក្នុងលោក។»
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកា ៧០០ពាន់លានដុល្លារ សម្រាប់វិស័យយោធារបស់ខ្លួន ហើយក្នុងចំណោមប្រាក់ទាំងនេះមាន ៦៤០ពាន់លានដុល្លារ ចំណាយលើអាវុធ និងកងទ័ព រីឯ ៦០ពាន់លានដុល្លារទៀត គឺចំណាយលើសង្រ្គាមនៅ ស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន៕