(វ៉ាស៊ីនតោន)៖ គណៈកម្មការ​សហព័ន្ធ​ពាណិជ្ជកម្ម​អាមេរិក ត្រូវបាន​គេរាយការណ៍​ថា បានបើកការស៊ើប​អង្កេតមួយលើ​ក្រុមហ៊ុន Facebook​ បន្ទាប់ពី​មានការចោទ​ប្រកាន់ថា ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់​ជាង ៥០លាននាក់ ត្រូវគេយ​កទៅប្រើ ដើម្បី ជះឥទ្ធិពល​ដល់ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ កាលពី​ឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

ភាពចម្រូងចម្រាស​បានកើតឡើង​ក្រោយ ក្រុមហ៊ុន Cambridge Analytica (CA) ដែលជួលដោយ​ក្រុមយុទ្ធនាការ​ឃោសនា​ឆ្នោត របស់​លោក ដូណាល់ ត្រាំ កាលពី​ឆ្នាំ២០១៦ ត្រូវបានគេចោទ​ប្រកាន់ថា បានប្រមូលទិន្នន័យ​ផ្ទាល់ខ្លួននៃអ្នក​ប្រើប្រាស់ Facebook រីឯក្រុមហ៊ុន​បណ្ដាញទំនាក់ទំនង​សង្គមមួយនេះ ក៏ត្រូវគេសង្ស័យ​ផងដែរថា បណ្ដោយឱ្យ​ក្រុមហ៊ុនអង់គ្លេស​ប្រមូល និងប្រើប្រាស់​ទិន្នន័យផ្ទាល់ខ្លួន​របស់អ្នក​ប្រើប្រាស់ Facebook​ ជាង ៥០លាននាក់ ដើម្បីជះឥទ្ធិពលលើការបោះឆ្នោត​ប្រធានាធិបតី អាមេរិកកាលពី​ឆ្នាំ២០១៦។ ក៏ប៉ុន្តែ ក្រុមហ៊ុន CA បានច្រានចោល​ការចោទប្រកាន់​មកលើខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ក្រុមសមាជិក​សភា​អង់គ្លេស បានផ្ញើលិខិត​មួយដោយស្នើឱ្យ​ស្ថាបនិក Facebook​ លោក Mark Zuckerberg​ ចូលរួមផ្ដល់​សក្ខីកម្ម ស្របពេលមាន​ព័ត៌មានថា ក្រុមហ៊ុន Facebook នឹងបញ្ជូន​អ្នកតំណាងម្នាក់​ទៅកាន់ទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃពុធនេះ (ម៉ោងនៅអាមេរិក) ក្នុងគោលបំណង​ឆ្លើយតបនឹងសំនួររបស់​សភាអាមេរិក។ បន្ថែមពី​លើនេះ គិតចាប់ តាំងពីព័ត៌មាន​ខាងលើត្រូវ​បានបែកធ្លាយ ក្រុមហ៊ុន​អាមេរិកមួយនេះ​បានខាតបង់គិត​ជាទឹកប្រាក់ជាង ៦០ពាន់លានដុល្លារ ដោយសារតែភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មានក្នុងរយៈពេល ០៤ឆ្នាំ៕