(ឡុងដ៍)៖ មន្ត្រីទូតរុស្ស៊ី២៣នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានរៀបចំបង្វិចចាកចេញពីប្រទេសអង់គ្លេសហើយ បន្ទាប់ពី ត្រូវបានទីក្រុងឡុងដ៍ បណ្ដេញចេញឱ្យត្រឡប់ទៅស្រុកទៅវិញ ដោយសារតែរឿងអតីតចារកិច្ចរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកត្រូវបានគេបំពុលសម្លាប់។ បច្ចុប្បន្ន អ្នកទំាងពីរកំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យក្រោមស្ថានភាព សន្លប់ស្ដូកស្ដឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

យោងតាម BBC ក្រុមមន្ត្រីទូតរុស្ស៊ី បានជិះរថយន្ដចាកចេញពីស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងឡុងដ៍នៅថ្ងៃអង្គារនេះ។ អង់គ្លេស បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី២៣នាក់ ចេញពីប្រទេស ដោយចោទប្រកាន់ថាទីក្រុងម៉ូស្គូ ជាអ្នកនៅពីក្រោយការបំពុល សម្លាប់លោក Sergei Skripal និងកូនស្រីរបស់លោក កាលពីថ្ងៃទី០៤ ខែមីនា នៅឯទីក្រុង Salisbury។ ចំណែកឯ រុស្ស៊ីខ្លួន ឯង មិនបានបកស្រាយតាមការស្នើសុំពីអង់គ្លេសឡើយថា តើហេតុអ្វីបានជាសារធាតុគីមីពុលផលិតនៅរុស្ស៊ី ត្រូវបានគេ ប្រើប្រាស់ ដើម្បីបំពុលសម្លាប់អ្នកទាំងពីរនាក់នេះ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Theresa May នៅថ្ងៃអង្គារនេះដែរ (ម៉ោងនៅទីក្រុងឡុងដ៍) នឹងបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាគ្នាថាគួរតែបន្ថែមការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ឬក៏យ៉ាងណា។ តែទោះជាបែបនេះក្ដី រុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ ហើយក៏បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតអង់គ្លេស២៣នាក់ ចេញពីទីក្រុងម៉ូស្គូវិញ ផងដែរ៕