(ការ៉ាកាស់)៖ សង្រ្គាមពាក្យសម្ដីរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡាបានផ្ទុះឡើងសាជាថ្មីនៅថ្ងៃអង្គារនេះ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាដាក់បម្រាមមិនឲ្យមានការធ្វើចរាចរ រូបិយប័ណ្ណឌីជីថលរវាងអាមេរិក និងវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មលើអតីតក៏ដូចជាមន្រ្តីជាន់ខ្ពស់បច្ចុប្បន្ន នៅក្នុងជួររដ្ឋាភិបាល វេណេស៊ុយអេឡា ដោយចោទប្រកាន់ថា បុគ្គលទាំងនោះបានប្រព្រឹត្តអំពើពុករលួយ និងចាត់ចែងហិរញ្ញវត្ថុក្នុងផ្លូវខុស។ លើស ពីទៅទៀត លោកត្រាំ ក៏បានចេញបទបញ្ជាផងដែរ ដោយដាក់បម្រាមមិនឲ្យមានការធ្វើចរាចរណ៍រូបិយប័ណ្ណឌីជីថល រវាង អាមេរិក និងវេណេស៊ុយអេឡា ក្នុងគោលបំណងបន្តបិទផ្លូវចេញចូល របស់ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះជាមួយ ទីផ្សារហិរញ្ញវត្ថុអាមេរិក។
លោក ត្រាំ បានបញ្ជាក់ថា បទបញ្ជារបស់លោក ធ្វើឡើងដើម្បីទប់ទល់នឹងការប៉ុនប៉ងរបស់រដ្ឋបាលមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីរកផ្លូវគេចវែសពីទណ្ឌកម្ម ដែលអាមេរិកបានដាក់នាពេលកន្លងមកនេះ។ យ៉ាងណាក៏ដោយ នៅថ្ងៃអង្គារនេះ លោក ម៉ាឌូរ៉ូ បានហៅទណ្ឌកម្មអាមេរិកថាជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។ ប្រធានាធិបតីវេណេស៊ុយ អេឡារូបនេះ បានលើកឡើងដូច្នេះថា៖«ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញ អង្គការសហរប្រជាជាតិ និងជាការឈ្លានពានថ្មីមួយប្រឆាំងនឹងប្រជាជនរបស់យើង...ឬក៏អាចនិយាយបានថាវាគឺជាបទឧក្រិដ្ឋ ប្រឆាំងនឹងមនុស្សជាតិ ដែលគួរតែត្រូវកាត់ទោសដោយតុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ (ICC) អនុឡោមតាមមាត្រា ទី០៧ នៃលក្ខន្តិកៈទីក្រុងរ៉ូម»។
គួរជម្រាបថា រដ្ឋាភិបាលវេណេស៊ុយអេឡា បាននិងកំពុងបន្តស្ថិតក្រោមការដាក់សម្ពាធ និងទណ្ឌកម្មកាន់តែខ្លាំងឡើងៗ ពីក្រៅប្រទេស រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក្រោមការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោត ការប្រព្រឹត្តអំពើ ពុករលួយ និងជាអ្នកទទួលខុសត្រូវលើអំពើហិង្សាក្នុងបាតុកម្មតវ៉ា កាលពីឆ្នាំ២០១៧ ដែលបណ្ដាលឱ្យមនុស្ស១២៤នាក់ បាត់ជីវិត៕