(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានប្រកាសថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងដឹកនាំការធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមេសា ខាងមុខនេះ ទោះបីជាវានឹងអាចធ្វើឲ្យកូរ៉េខាងជើងមានភាពក្តៅ ក្រហាយឡើងវិញក៏ដោយ៕
២៖ កងកម្លាំងទ័ពអាកាសអាមេរិក នៅរដូវខាងមុខនេះ នឹងធ្វើតេស្ដលើអាវុធឡាស៊ែរថ្មីមួយរបស់ខ្លួន ដែលនឹងត្រូវបំពាក់លើ យន្ដហោះចម្បាំងបំបាំងកាយ F-15៕
៣៖ បន្ទាប់ពីជាប់ឆ្នោតបន្តធ្វើជាមេដឹកនាំប្រទេស សម្រាប់រយៈពេល ០៦ឆ្នាំទៀត ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា រូបលោកកំពុងរៀបចំគំរោងកាត់បន្ថយការចំណាយ លើវិស័យយោធាសម្រាប់ឆ្នាំ២០១៨នេះ និងឆ្នាំ២០១៩ ខាងមុខ ខណៈដែលប្រទេសរបស់លោកនឹងងាកទៅផ្តោតសំខាន់ លើការដោះស្រាយបញ្ហាក្នុងប្រទេសជាតិជាចម្បងវិញ៕
៤៖ តារាចម្រៀង K-pop កូរ៉េខាងត្បូងមួយក្រុម នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី៣១ ខែមីនា ជាផ្នែកមួយនៃការបំពេញទស្សនកិច្ចទៅវិញទៅមក បន្ទាប់ពីទីក្រុងព្យុងយ៉ាង បញ្ជូនក្រុមសិល្បៈរបស់ខ្លួនឱ្យមកសម្ដែង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ កាលពីខែកុម្ភៈ៕
៥៖ គ្រោះរញ្ជួយដីកម្រិតបង្គួរ ៥.១រ៉ិចទ័រ បានវាយប្រហារទីក្រុង តៃណាន (Tainan) នៃកោះតៃវ៉ាន់ នៅវេលាម៉ោង ៥៖២២នាទី ល្ងាចថ្ងៃអង្គារនេះតែម្តង ម៉ោងនៅទីក្រុងប៉េកាំង៕
៦៖ អាកាសចរណ៍ក្នុងស្រុកបង់ក្លាដែស Biman Banglasdesh Airlines ជាមួយនឹងអ្នកដំណើរ ៧៤នាក់ បានធ្វើការចុះចត យ៉ាងបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal ដោយសារតែមានបញ្ហាម៉ាស៊ីន ដែលសំណាងល្អការចុះចតនោះ គឺប្រកបដោយសុវត្ថិភាព៕
៧៖ អតីតប្រធានាធិបតីបារាំង លោក នីកូឡាស សាកូស៊ី ត្រូវបានប៉ូលិសបញ្ជូនខ្លួនទៅសាកសួរហើយ នៅថ្ងៃអង្គារនេះ ពាក់ព័ន្ធទៅនឹងការទទួលលុយពីក្រៅប្រទេស ដើម្បីទ្រទ្រង់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក កាលពីឆ្នាំ២០០៧៕