ទីបំផុតអតីតមេដឹកនាំបារាំង «ត្រូវប៉ូលិសបញ្ជូនខ្លួនទៅសាកសួរ ពាក់ព័ន្ធរឿងប្រាក់ជំនួយពី លោក ហ្គាដាហ្វី» អតីតមេដឹកនាំលីប៊ី នៅឆ្នាំ២០០៧!
20-03-2018 18:11
(ប៉ារីស)៖ អតីតប្រធានាធិបតីបារាំង លោក នីកូឡាស សាកូស៊ី ត្រូវបានប៉ូលិសបញ្ជូនខ្លួនទៅសាកសួរហើយ នៅថ្ងៃអង្គារនេះ ពាក់ព័ន្ធទៅនឹងការទទួលលុយពីក្រៅប្រទេស ដើម្បីទ្រទ្រង់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក កាលពីឆ្នាំ២០០៧។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
នេះជាការបង្ហាញខ្លួនសាជាថ្មីលើកដំបូងហើយ ចំពោះមុខច្បាប់ដោយ លោក សាកូស៊ី ដើម្បីទទួលការសាកសួរ និងស៊ើបអង្កេតឲ្យដឹងថា លោកពិតជាបានទទួលជំនួយពីមេដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាហ្វី មែនដែរឬទេ កាលពីយុទ្ធនាការបោះឆ្នោតឆ្នាំ២០០៧ ដែលកាលណោះលោកជាអ្នកឈ្នះ និងបានក្លាយជាប្រធានាធិបតីបារាំងនោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ពាណិជ្ជករជនជាតិបារាំងកាត់លីបង់ លោក Ziad Takieddine បានទម្លាយព័ត៌មានថា លោកជាអ្នកបញ្ជូនលុយបីកាបូប ស្មើនឹងជាង ៦លានដុល្លារអាមេរិក ត្រូវបានផ្តល់ដោយ លោក ហ្គាដាហ្វី ជូនដល់លោក សាកូស៊ី កាលពីឆ្នាំ២០០៦ និងឆ្នាំ២០០៧។
បច្ចុប្បន្នលោក សាកូស៊ី ដែលមានវ័យ ៦៣ឆ្នាំ នឹងត្រូវទទួលការសាកសួររហូតដល់ ៤៨ម៉ោង ទៅលើរឿងក្តីចោទប្រកាន់ទាំងឡាយ។ លោក សាកូស៊ី បានកាន់តំណែងជាប្រធានាធិបតីបារាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២៕