(ដាកា)៖ អាកាសចរណ៍ក្នុងស្រុកបង់ក្លាដែស Biman Banglasdesh Airlines ជាមួយនឹងអ្នកដំណើរ ៧៤នាក់ បានធ្វើការចុះចតយ៉ាងបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal ដោយសារតែមានបញ្ហាម៉ាស៊ីន ដែលសំណាងល្អការចុះចតនោះ គឺប្រកបដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
យោងតាមព័ត៌មាន ដែលស៊ីនហួរទទួលបានពី អាកាសយានដ្ឋានទីក្រុងដាកា យន្តហោះខាងលើនេះ បានហោះចេញពីក្រុងដាកា កាលពីវេលាម៉ោង ១២៖២៨នាទី ថ្ងៃត្រង់ថ្ងៃអង្គារនេះ រួចសំដៅទៅទីក្រុង Saidpur ដែលស្ថិតនៅចម្ងាយ ៣៦០គីឡូម៉ែត្រ ពីភាគពាយ័ព្យរដ្ឋធានីដាកា ប៉ុន្តែវាបានបកត្រឡប់មកចុះចតនៅទីក្រុងដាកាវិញ ក្រោយពីមានសញ្ញាថា ម៉ាស៊ីនជួបបញ្ហាមិនស្រួល នៅវេលាម៉ោង ១៖០០នាទីរសៀល។
គួរបញ្ជាក់ថា ហេតុការណ៍ដ៏គួរឲ្យព្រឺព្រួចនេះ បានកើតមានឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយន្តហោះបង់ក្លាដែសមួយគ្រឿងទៀត នៃអាកាសចរណ៍ US-Bangla Airlines បានធ្លាក់នៅទីក្រុងកាត្មាន់ឌូ ប្រទេសនេប៉ាល់ និងសម្លាប់មនុស្សសរុប ៥១នាក់៕