(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចនូវវត្ថុបំណង នៃការកសាងចិនឱ្យក្លាយជា ប្រទេសសង្គមនិយមដ៏ទំនើប ដែលមានភាពរុងរឿង រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមនីយកម្ម និងស្រស់ស្អាត នៅត្រឹមពាក់កណ្ដាលស.វនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមក្នុងពិធីបិទសម័យប្រជុំសភាប្រជាជនចិន នៅថ្ងៃអង្គារនេះ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបង្កើនថាមពល ហើយចាត់វិធានការជាក់ស្ដែងៗនានា ក្នុងការអភិវឌ្ឍប្រជាធិបតេយ្យ សង្គមនិយម ការរក្សាឯកភាពនៃថ្នាក់ដឹកនាំបក្សកុម្មុយនិស្ដចិន ការដឹកនាំប្រទេសដោយប្រជាជន និងឈរលើមូលដ្នាននីតិរដ្ឋ ដើម្បីលើកកម្ពស់ប្រព័ន្ធទំនើបកម្មរបស់ចិន ព្រមទាំងសមត្ថភាពអភិបាលកិច្ច ភាពរឹងមាំ និងសាមគ្គីភាព....»។
បន្ថែមពីលើនេះ ប្រធានាធិបតីចិនរូបនេះ ក៏បានអំពាវនាវផងដែរ ឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចនូវវត្ថុបំណង នៃការកសាងចិនឱ្យក្លាយជាប្រទេសសង្គមនិយមដ៏ទំនើប ដែលមានភាពរុងរឿង រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមនីយកម្ម និងស្រស់ស្អាត នៅត្រឹមពាក់កណ្ដាលស.វនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ សភាប្រជាជនចិនបានបោះឆ្នោតគាំទ្រឱ្យលោក ស៊ី ជិនពីង បន្តកាន់ដំណែងជាប្រធានាធិបតីចិន ដោយមិនកំណត់អាណត្តិ ដែលនេះធ្វើឱ្យលោកកា្លយជាប្រធានាធិបតីចិន ដ៏មានឥទ្ធិពលជាងគេបំផុត គិតចាប់តាំងពីសម័យ លោក ម៉ៅ សេទុងមក៕