(សេអ៊ូល)៖ តារាចម្រៀង K-pop កូរ៉េខាងត្បូងមួយក្រុម នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី៣១ ខែមីនា ជាផ្នែកមួយនៃការបំពេញទស្សនកិច្ចទៅវិញទៅមក បន្ទាប់ពីទីក្រុងព្យុងយ៉ាង បញ្ជូនក្រុមសិល្បៈរបស់ខ្លួន ឱ្យមកសម្ដែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ កាលពីខែកុម្ភៈ។ នេះបើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅរសៀលថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ក្រុមតារាចម្រៀងស្រី Red Velvet នឹងបំពេញដំណើរទស្សនកិច្ចចាប់ពី ថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៣ ខែមេសា ទៅកាន់ទីក្រុងព្យុងយ៉ាង។ ជាងនេះទៅទៀត តន្រ្តីករជើងចាស់ Cho Yong-pil Lee Sun-hee ក៏ស្ថិតនៅក្នុងក្រុមប្រតិភូកូរ៉េខាងត្បូង ដែលត្រូវធ្វើដំណើរទៅកាន់កូរ៉េខាងជើងផងដែរ ដើម្បីដឹកនាំការសម្ដែង ចំនួនពីរនៅក្នុងទីក្រុងព្យុងយ៉ាង។ ការសម្ដែងលើកទី ១ នឹងត្រូវធ្វើឡើងនៅសាលសំដែង នៅភាគខាងជើងទីក្រុងព្យុងយ៉ាង រីឯ ការសម្ដែងលើកទី ២ នឹងប្រព្រឹត្តទៅនៅសាលសម្ដែង Ryukyung Chung Ju Yung Gymnasium។
គួរបញ្ជាក់ថា ក្រុមមន្ត្រីកូរ៉េខាងត្បូង នឹងធ្វើដំណើរទៅកាន់កូរ៉េខាងជើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនា ដើម្បីត្រួតពិនិត្យ ទីតាំងដែលក្រុមតារាចម្រៀង K-pop Red Velvet ត្រូវសម្ដែង។ បើសិនជាក្រុម K-pop ខាងលើនេះ បានទៅសម្តែងនៅកូរ៉េខាងជើង តាមការគ្រោងទុកមែននោះ វានឹងក្លាយជាប្រវត្តិសាស្ត្រហើយ សម្រាប់សិល្បតន្ត្រីសម័យទំនើបកូរ៉េខាងត្បូង ដែលបានសម្តែងលើទឹកដីកូរ៉េខាងជើង និងជាភាពវិជ្ជមានថ្មីមួយទៀត៕