(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង (Lee Hsien Loong) បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះប្រជាជាតិវៀតណាម ជុំវិញមរណៈភាពនៃអតីតនាយករដ្ឋមន្ត្រីវៀតណាម លោក ផាន់ វ៉ាន់ខៃ (Phan Van Khai) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ នៃក្រសួងការបរទេសសិង្ហបុរី ដកស្រង់ដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
លោក ផាន់ វ៉ាន់កៃ គឺជាអតីតនាយករដ្ឋមន្ត្រីវៀតណាម ដែលបានកាន់អំណាចរយៈពេល ០៩ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៧ ហើយលោកត្រូវបានទទួលស្គាល់ថា ជាអ្នកសេដ្ឋកិច្ចដ៏ជំនាញមួយរូប និងធ្លាប់បានសិក្សាក្រេបយកចំណេះដឹង នៅអតីតសហភាពសូវៀត ព្រមទាំងបានជម្រុញឲ្យសេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ មានសន្ទុះរីកចំរើនខ្លាំងជាងគេ នាសម័យកាលនៃការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដោយរដ្ឋាភិបាលរបស់លោកផ្ទាល់។ លោក ផាន់ បានទទួលមរណៈភាព កាលពីថ្ងៃសៅរ៍ ទី១៧ ខែមីនា ក្នុងអាយុ ៨៤ឆ្នាំ។
គួរបញ្ជាក់តាមសារព័ត៌មានខាងលើនេះថា រដ្ឋាភិបាលវៀតណាម មិនបានបញ្ចេញព័ត៌មានលម្អិតអំពីមូលហេតុ នៃមរណៈភាពរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះឡើយ ប៉ុន្តែធ្លាប់មានព័ត៌មានចេញផ្សាយថា សុខភាពរបស់លោក បានប្រែជាយ៉ាប់យ៉ឺនអស់ប៉ុន្មានសប្តាហ៍មកហើយ។ នៅក្នុងសាររំលែកទុក្ខនោះ លោក លី សៀនឡុង បានរំលឹកពីស្នាដៃសំខាន់ៗរបស់អតីតនាយករដ្ឋមន្ត្រីវៀតណាម ផាន់ វ៉ាន់ខៃ ជាពិសេស គឺការធ្វើឲ្យទំនាក់ទំនងវៀតណាម-សិង្ហបុរី បានរីកធំធាត់៕