(ហ្វាំងឡង់)៖ តំណាងជាន់ខ្ពស់មកពីរដ្ឋាភិបាលកូរ៉េខាងជើង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានមកជួបប្រជុំគ្នានៅទីក្រុងហ៊ែលស៊ីងគី នៃប្រទេសហ្វាំងឡង់ នាថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាជំហានដំបូង មុខនឹងឈានដល់កិច្ចប្រជុំជាន់ខ្ពស់ជាប្រវត្តិសាស្ត្រ រវាងប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
មន្ត្រីតំណាងទាំងបីភាគី បានជួបទទួលទានអាហារពេលល្ងាចរួមគ្នា កាលពីល្ងាចថ្ងៃចន្ទ ម៉ោងនៅប្រទេសហ្វាំងឡង់ ហើយសម្រាប់ថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍នេះគឺពេលដែលត្រូវពិភាក្សាផ្លូវការ អំពីបញ្ហាទូទៅតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានហ្វាំងឡង់។
សារព័ត៌មានហ្វាំងឡង់បានបញ្ជាក់ទៀតថា សម្រាប់មន្ត្រីកូរ៉េខាងជើង ដែលបានមកដល់ទីក្រុងហ៊ែលស៊ីងគី ពេលនេះគឺ លោក ចូ កាងអ៊ីល (Choe Kang Il) មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ដោយឡែកខាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺមានអតីតឯកអគ្គរដ្ឋទូតអាមេរិក នៅកូរ៉េខាងត្បូង និងមន្ត្រីជំនាញការទូត ហើយសរុបប្រទេសទាំងបីតែម្តងគឺ ០៦រូប ខណៈការទទួលទានអាហារពេលល្ងាច មានភ្ញៀវកិត្តិយស រួមទាំងម្ចាស់ផ្ទះសរុប ១៨រូប។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោកប្រធានាធិបតីហ្វាំងឡង់ សូលី នីអ៊ីនីស្តូ (Sauli Niinisto) បាននិយាយថា តួនាទីរបស់ហ្វាំងឡង់ នៅក្នុងកិច្ចពិភាក្សានេះ គឺ «ស្តួចស្តើង» ប៉ុន្តែប្រទេសរបស់លោក សន្យាជួយសម្រួលបន្ថែម សម្រាប់កិច្ចប្រជុំនាពេលខាងមុខ។ សម្រាប់លទ្ធផលបឋមនៃកិច្ចប្រជុំ នឹងត្រូវបញ្ជាក់នៅថ្ងៃពុធស្អែកនេះ៕